តាកែវ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ដល់ លោក លោកស្រី នាយក នាយិកា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនទាំងអស់ ឱ្យត្រៀមលក្ខណៈ ការបើកសាលារៀនឡើងវិញនៅតាមភូមិសាស្រ្ត ដែលមានហានិភ័យទាប។ នេះបើយោងតាមលិខិត ដែលអង្គភាពព័ត៌មាន ផូសខ្មែរអេស៊ា ទទួលបាននៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីជូនដំណឺងរបស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានធ្វើការណែនាំ ០៨ចំណុច ដូចខាងក្រោម៖
១- ផ្សព្វផ្សាយ និងអនុវត្ត គ្រប់សេចក្ដីណែនាំ របស់ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានផ្ដល់ដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិច។
២- រៀបចំផែនការ កម្មវិធីសិកស្សា ម៉ោងសិក្សា វេនសិក្សា និងភារកិច្ចដល់គ្រូបង្រៀន ដើម្បីអនុវត្តមានលក្ខណៈទន់ភ្លន់ បត់បែនតាមស្ថានភាពរបស់ សាលារៀន និងភូមិសាស្រ្ត ដែលបានកំណត់ដោយអាជ្ញាធរដែនដី។
៣- រៀបចំសម្អាតបរិស្ថាន ក្នុង និងក្រៅ សាលា ថ្នាក់រៀន ឱ្យបានស្អាតជាប្រចាំ។
៤- រៀបចំសម្ភារៈ អនាម័យ បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ ឧបករណ៍វាស់កម្ដៅ អាល់កុល រឺជែល និងម៉ាស់ សម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រ។
៥- រៀបចំ ជួសជុលតុ កៅអី ក្ដារខៀន ទ្វារ បង្អូច ដំបូល សាប ឱ្យដំណើរការសិក្សាបាន។
៦- រៀបចំ គណៈកម្មការ និងក្រុមប្រឹក្សានានា ដើម្បីជួយដល់ការគ្រប់គ្រងតាមសាលារៀន ឱ្យមានសកម្មភាព និងលទ្ធផលល្អប្រសើរ។
៧- រៀបចំឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព វិន័យ គ្រូ សិស្ស និងការដោះស្រាបញ្ហា ទោះបីជាគ្រឹះស្ថានសិកស្សានោះ មិនទាន់បើកដំណើរការឡើងវិញក៏ដោយ និងមិនអនុញ្ញាត ឱ្យមានការលក់ដូរចំណីអាហារ ឬសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះដែរ។
៨- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលការងារ ដើម្បីកែលម្អឱ្យបានសមស្រប និងទាន់ពេលវេលា៕
សូមអានសេចក្ដី ជូនដំណឹង របស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដូចខាងក្រោម៖



