ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានខូចខាតសម្ភារ អស់ជាច្រើន ដែលម្ចាស់ទីតាំង និងជាម្ចាស់ក្រុមហ៊ុនេះឈ្មោះ ស៊ួ វីរៈ ភេទ ប្រុស អាយុ ៥៥ឆ្នាំ។

ក្នុងករណីអគ្គិភ័យដ៏ភ្ញាក់ផ្អើលនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំមន្ត្រីជំនាញ ចុះទៅធ្វើការស្រាវជ្រាវ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយនៅក្នុងហេតុការណ៍មួយនេះ បានបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវអគ្គិភ័យឆេះបំផ្លាញ សរុបគិតជាទឹកប្រាក់ ១,៥លានដុល្លារ។ ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ មានឈ្មោះ លឹម ចន្ធរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ អតីតបុគ្គលិក ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានស្រុកកំណើតនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយសម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដចំនួន ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៩១ឡាន ក្នុងនោះមានរថយន្តការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មើនឹងង ២៥០ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍ពន្លត់របស់រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន សើ្មនឹង ២៤ម៉ែត្រគូប រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន សើ្មនឹង ៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន សើ្មនឹង ១៦ម៉ែត្រគូប។

ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយនេះគឺ លោក ស៊ួ វីរៈ បានសរសេរយ៉ាងខ្លីនៅហ្វេសបុករបស់លោកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ថា ទោះជាអគ្គិភ័យបានលេបត្របាក់អស់រថយន្តជាច្រើនគ្រឿងយ៉ាងនេះក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនបានដោះស្រាយ និងរកមូលហេតុចប់សព្វគ្រប់ហើយ និងក៏ពុំមានអ្វីរាំងស្ទះដល់ដំណើរអាជីវកម្ម និងសេវាកម្មក្រុមហ៊ុនឡើយ ពោលគឺ គ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់៕

ប្រភព៖ CNC TV