តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបញ្ជាក់ថា ក្រុងស្រុកទាំងអស់ក្នុងភូមិ សាស្រ្តខេត្តតាកែវ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៣ទាបភ្លឺ ពីថ្ងៃទី២៩ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ពិសេសមេរោគបំលែងខ្លួនថ្មីដែលតា ។
ថ្លែងនៅក្នុងឱកាសនាំយកអំណោយរបស់ ឯកឧត្តមកត្តិនីតិកោសល ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានតាកែវ ផ្តល់ជូនបង ប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ជុំវិញផ្សារអង្គតាសោមចំនួន ៨៨គ្រួសារ កាលពីរសៀល ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ត ទៀតថា ជំងឺកូវីដ១៩ បានបន្តអូសបន្លាយរយៈពេលយូរ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាតិ និងប្រជាជន យ៉ាងខ្លាំង ហើយនៅមូលដ្ឋានខេត្តតាកែវ ក៏មានការឆ្លងជាបន្តបន្ទាប់រហូតដល់បិទខ្ទប់ តំបន់មួយចំនួន ទូទាំងខេត្ត ដូច្នោះជាវិធានការដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងភូមិសាស្រ្តខេត្តតាកែវ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទដែលតា ស្របពេលដែលខេត្តតាកែវ ក៏ជាខេត្តមួយដែលត្រូវបាន អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគន្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រុយ័ត្នឱ្យបានខ្ពស់ ដោយចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវជាទីបំផុត ។
លោកអភិបាលខេត្ត បន្ថែមទៀតថា រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងភូមិសាស្រ្តខេត្តតាកែវ ដោយផ្អាកការធ្វើដំណើរទូទាំងខេត្ត ផ្អាករាល់ការធ្វើសកម្មភាព មុខរបរ អាជីវកម្ម និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីដ្ឋាន សួនកម្សាន្ត ហាងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការហាមការជួបជុំមនុស្សលើសពី១០នាក់ជាដើម ហើយក្នុងនោះចំពោះអាហារដ្ឋាន ភោជនីយដ្ឋានអនុញ្ញាតឱ្យប្រកបអាជីវកម្មត្រឹមវេចខ្ចប់តែប៉ុណ្ណោះ ។ ការចេញសេចក្តីសម្រេចនេះ និងការណែនាំក៏ដូចជាសេចក្តីសម្រេចនានាកន្លងមក គឺដើម្បីតែទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងមូលដ្ឋានខេត្តតាកែវរបស់យើង មិនឱ្យឆ្លងកាន់តែធ្ងន់ធ្ងរក្នុងសហគមន៍ ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានក្រើនរំលឹកក៏ដូចជាសំណូមពរទៅដល់បងប្អូនដែលរស់នៅក្នុងតំបន់បិទខ្ទប់ សូមចូលរួមអនុវត្តទាំងអស់គ្នាតាមការណែនាំរបស់អាជ្ញាធរដោយមិនត្រូវធ្វើការជួបជុំគ្នា ឬចេញចូលទៅខាងក្រៅបានជាដាច់ខាត ដើម្បីយើងបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ទៅតំបន់ផ្សេងៗទៀតបាន ហើយសូមបងប្អូនក៏កុំភ្លេចទម្លាប់មានអនាម័យ និងរក្សាគន្លាតសុវត្ថិភាព ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវផងដែរ ពិសេសធ្វើលំហាត់ប្រាណ ដើម្បីយើងមានសុខភាពល្អ ឈ្នះជំងឺកូវីដ១៩ និងឈានទៅរកសភាពដូចដើមឡើងវិញនៅក្នុងប្រទេសរបស់យើងជាក់ជាពុំខាន ៕




