តាកែវ៖ គិតត្រឹមម៉ោង០៧យប់នេះ ក្រុមគ្រូពេទ្យបានធ្វើតេស្ដ៍រកឃើញមាន ព្រះសង្ឃ ចំនួន ១៦អង្គ និងប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅវត្តព្រៃម្លូ ចំនួន ២៦នាក់ វិជ្ជមានកូវីដ១៩។
តាមការបញ្ជាក់របស់ លោក គិន ភក្ដី អភិបាលស្រុកកោះអណ្តែត បានថ្លែងប្រាប់អង្គភាពព័ត៌មាន ផូសខ្មែរអេស៊ា ឱ្យដឹងនៅព្រលប់ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១នេះ ដោយបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ ជំនាញ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្តែត ដែលបានចុះយកសំណាកឧបករណ៍ តេស្តរហ័ស Rapid Test បានពិនិត្យរកឃើញវិជ្ជមានកូវីដ១៩ ទៅលើព្រះសង្ឃ ចំនួន ១៦ អង្គ និងប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលជំងឺនៅវត្តព្រៃម្លូ មានវិជ្ជមានកូវីដ១៩ ចំនួន ២៦នាក់។
លោកអភិបាលស្រុក បានបញ្ជាក់ថា ក្រោយបានធ្វើការពិនិត្យរកឃើញមានអ្នកឆ្លងកូវីដ១៩ ជាច្រើនអង្គ នាក់ អាជ្ញាធរស្រុក បានសម្រេចធ្វើការផ្អាកការចេញ ឬចូលជាបណ្ដោះអាសន្ន ទីតាំងក្នុងបរិវេណវត្ត ព្រៃម្លូ ចាប់ពីថ្ងៃនេះហើយ។
ក្នុងឱកាសនោះផងដែរ លោក គិន ភក្ដី អភិបាលស្រុកកោះអណ្តែត ក៏បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសហការដាក់ខ្លួនឱ្យដាច់ ដោយឡែក និងចូលរួមយកសំណាក ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ ១៩ កុំឲ្យការចម្លងទៅកន្លែង ផ្សេង និងសូមឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ របស់សម្តេចឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ៕




