តាកែវ៖ លោក កេត ម៉ៅអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ និងសប្បុរសជននានា ជូនដល់បងប្អូនកម្មករ កម្មាការិនី និងកំលាងប្រជាការពារចំនួន ៣៥នាក់ ដែលប្រចាំការ និងកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ សុខ អាន សំរោង ដែលស្ថិតក្នុងឃុំខ្វាវ ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុកសំរោង កេត ម៉ៅ ក៏បានពាំនាំនូវក្តីនឹករលឹកគោរពស្រលាញ់ ពីចំងាយចំណាក់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ មកជម្រាបជូន និងធ្វើការណែនាំអោយបងប្អូនដែលកំពុងចត្តាទ្បីស័ក និងប្រជាការពារដែលនៅប្រចាំការមណ្ឌលចត្តាទ្បីស័កទាំងអស់ត្រូវបន្តអនុវត្តវិធានការពារខ្លួន តាមការអប់រំការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ និងប្រសាសន៍ណែនាំខ្ពស់ខ្ពស់របស់សម្តេចតេជោឲ្យបានខ្លាំងខ្លារត្រឹមត្រូវបន្តទៀត ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ- ១៩នេះកុំឲ្យចូលក្នុងសហគមន៍យើងបានទៀត។
ជាមួយគ្នានេះដែរលោកអភិបាលស្រុកសំរោង ក៏សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងបំពេញកាតព្វកិច្ចធ្វើចត្តាទ្បីស័កនៅតាមមណ្ឌលចត្តាទ្បីស័ក ក្នុងមូលដ្ឋានស្រុកសំរោងទាំងអស់ សូមកុំមានការខឹងឬអាក់អន់ចិត្តនោះអី ព្រោះថាការអនុវត្តវិធានការទាំងអស់នេះ គឺចង់ឲ្យបងប្អូនជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះទេ ដោយយើងមិនបានដឹងថាការចេញចូលពីខេត្តមួយទៅមួយ ឬកន្លែងហានិភ័យ នរណាមួយមានផ្ទុះឬមិនផ្ទុះជំងឺនេះទ្បើយ ដូច្នេះមានតែការដាក់ចេញនូវការឃុំខ្លួនរយៈពេលខ្លី១៤សិន ដើម្បីតាមដានសុខភាពឲ្យបានម៉ត់ចត់ ជៀសវៀងការកើតមានឬរាលដាលបន្តក្នុងសហគមន័៍យើងរស់នៅ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាសហការចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅលុបបំបាត់ជំងឺមួយនេះឲ្យបាននៅថ្ងៃខាងមុខ។
អំណោយដែលបានផ្តល់ជូននាឱកាសនោះ ដោយក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ១០ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកបរិសុទ្ធ ២យួរ ទឹកត្រី ១យួរ ១យួរ ម៉ាស ១ប្រអប់តូច អាល់កុល ១ ដបតូច សាប៑ូ ១ដុំតូច សរុបថវិកាចំនួន ១០៥០ ដុល្លា៕






