តាកែវ ៖ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ រួមដំណើរដោយលោក លោកស្រី អភិបាលរងក្រុង  ព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២១  បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ ជាគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែលមានការជាប់ពាក់ព័ន្ធដោយប្រយោលជាមួយបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កនៅតាមលំនៅឋាន  ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ និងភូមិអូស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

 ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុងដូនកែវ ក៏បានធ្វើណែនាំ និងផ្តាំផ្ញើរដល់បងប្អូនដែលបានប៉ះពាស់ពាលប្រយោលទាំង៧គ្រួសារ សូមចូលរួមថែរក្សាសុខភាពរបស់ខ្លួនបានល្អ និងបន្តអនុវត្តវិធានការពារខ្លួនដែលបានណែនាំដោយក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ពិសេសវិធាន ៣កុំ ៣ការពារ ឲ្យខ្ជាប់ខ្ជួន របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

 លោកអភិបាលក្រុង ក៏បានសំណូមពរសូមបងប្អូនបន្តសហការផ្តល់ព័ត៍មាន ឱ្យបានលឿន ប្រសិនបើមានករណីសង្ស័យ ចំពោះបញ្ហាសុខភាពខ្លួនឯង ដោយមិនត្រូវលាក់បាំងព័ត៌មាននោះឡើយ គឺធ្វើយ៉ាងណា ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យជំនាញ បានចុះទៅជួយបងប្អូនឱ្យបានទាន់ពេលវេលា ជៀសផុតពីជំងឺកាចសាហាវមួយនេះ ។

សម្ភារៈដែលបានយកមកចែកជូនដល់គ្រួសារទាំង៧ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគាត់ ដោយក្នុងមួយគ្រួសារទទួលបាន ៖អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ   ១កេស,មីចំនួន ១កេស ត្រីខចំនួន ១យួរ, ម៉ាស់ចំនួន ១ប្រអប់ ,សាប៊ូ ១ដុំផងដែរ ៕