អន្តរជាតិ៖ អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យប្រទេសទាំងអស់កុំបញ្ឈប់ ឬផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង បន្ទាប់ពីប្រទេសអឺរ៉ុបជាច្រើន និងប្រទេសមួយក្នុងតំបន់អាស៊ី បានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព។ នេះបើតាមការចេញផ្សាយរបស់CNA នៅព្រឹកថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យអង្គការ WHO លោក គ្រីស្ទាន លីនដ៍ម៉ៃយឺ (Christian Lindmeier) បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់ «កុំបញ្ឈប់ ឬផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង» នៅក្នុងដំណាក់កាលដ៏សំខាន់នាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «មកទល់នឹងថ្ងៃនេះ មិនមានភស្ដុតាងណាមួយបញ្ជាក់ថា ឧប្បដិហេតុដែលបានកើតឡើង គឺត្រូវបានបង្កឡើង ឬមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងនោះទេ... ហើយវាគឺជាពេលវេលាដ៏សំខាន់ ក្នុងការបន្តយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតមនុស្ស និងកម្ចាត់ជំងឺដ៏សាហាវមួយនេះ»។

តាមការបញ្ជាក់របស់ WHO កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកាលពីថ្ងៃចន្ទសប្ដាហ៍នេះ អាល្លឺម៉ង់ អ៉ីតាលី អេស្ប៉ាញ និងបារាំងបានប្រកាសផ្អាក ការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ក្រោយមានសេចក្ដីរាយការណ៍ពី បញ្ហាកំណកឈាមក្នុងសសៃឈាម (Blood Clot) ត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សមួយចំនួន៕