តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ ២០២១ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្រាំកក់ ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីភ័យ១គ្រួសារ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិត្រពាងក្រឡាញ់ ឃុំអូរសារាយ និងមួយគ្រួសារទៀតមានកូនតូចម្នាក់បានលង់ទឹកស្លាប់នៅភូមិព្រៃតាខាប ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះលោកនាយកបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកនាយកក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានផ្ដល់ជូនរួមមាន÷ គ្រួសារភ្លើងឆេះផ្ទះមាន :អង្ករ ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ តង់ធំ១   អាវយឺត៥ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាផងដែរ គ្រួសារសព មានអង្ករ២៥គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនដែរ ៕