តាកែវ៖ អភិបាលស្រុកសំរោង លោក កេត ម៉ៅ បានធ្វើការណែនាំទៅដល់មន្រ្តីឃុំទាំង១១ឃុំ ទូទាំងស្រុក ត្រូវយកចិត្តទុកដាក់បន្តតាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកចំណូលថ្មី ដែលមានហានិភ័យ និងបងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ពិសេសចុះអប់រំណែនាំនឹងផ្សព្វផ្សាយឱ្យកាន់តែខ្លាំងខ្លាថែមទៀតអំពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ស្រុក នារសៀលថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២១ លោក កេត ម៉ៅ បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបុគ្គល សោភ័ណ្ឌកក្កដា បានចូលរួមពិធីមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ក្នុងភូមិសាស្រ្តស្រុករបស់យើង សូមមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់តាមដាន និងបន្តឱ្យបងប្អូនដែលប៉ះពាល់ផ្ទាល់ និងប៉ះពាល់ដោយប្រយោលធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពិសេសតាមដានបងប្អូនប្រជាពលរដ្ឋចំណូលថ្មី ដែលមានហានិភ័យ និងបងប្អូនពលករដែលទើបត្រលប់មកពីក្រៅប្រទេស ដើម្បីពង្រឹងវិធានការណ៍ផ្សព្វផ្សាយ និងចុះតាមដាននៅមូលដ្ឋានទាំង ១១ ឃុំ ក្នុងការគ្រប់គ្រង និងមានវិធានការណ៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តស្រុកសំរោង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។
នាឪកាសនោះ លោកអភិបាលស្រុកបានផ្តល់ជូន ម៉ាស់ចំនួន ១១,០០០ ម៉ាស់ តាមរយៈក្រុមការងាររបស់ស្រុកដល់រដ្ឋបាលឃុំទាំង១១,បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០ រៀល ដល់ក្រុមការងាររបស់ស្រុក និងផ្តល់ម៉ាស់ចំនួន ៥,០០០ ម៉ាស់ ដល់មន្រ្តីការិយាល័យទាំង១៣ ៕


