តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា រដ្ឋបាលខេត្តនឹងកសាងរូបសំណាកបង្កង ដ៏ធំមួយនៅផ្លូវចូលមកទីរួមខេត្តតាកែវ ត្រង់បឹងអូរចំបក ដែលស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ទៀតថា ការកសាងរូបសំណាកបង្កងត្រង់ចំណុចផ្លូវចូលមកទីរួមខេត្តតាកែវ នេះ ព្រោះថា ខេត្តតាកែវ គឺជាខេត្តដែលមានម្ហូបល្បីឈ្មោះគឺ បង្កងធម្មជាតិ ហើយជាខេត្តដែលល្បីទូទាំងប្រទេសផងដែរ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ជិះឆ្លងកាត់ ឬមកលេង ខេត្តតាកែវ គឺនឹងឃើញម្ហូបមុនគេគឺបង្កងធម្មជាតិ ដែលមានរស់ជាតិឆ្ងាញ់ពិសារ និងពងទាកូន ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា រដ្ឋបាលខេត្តមានគម្រោងកសាងរូបសំណាកបង្កងនេះ តាំងពីយូរណាស់ហើយ ដោយបានចាក់ដីលុបបឹងអូរចំបក់មួយផ្នែក សម្រាប់កសាងរូបសំណាក់បង្កង ប៉ុន្តែបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងកៀគរសប្បុរសជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្ររៀបចំសាងសង់ដូចមានក្នុងកម្រោងប្លង់ជូនភ្ជាប់ ហើយម្យ៉ាងទៀត រដ្ឋបាលខេត្តក៏មានគម្រោងកសាងរូបសំណាកពងទាកូនផងដែរ ៕




