តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងត្រៀមដាក់ពលករ ស្នាក់នៅ នឹងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសចុះពិនិត្យ ក៏ដូចជាត្រៀមដាក់ពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំ ទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ នឹងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង ។

ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែម ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់ លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃ ត្រូវអនុវត្តអោបានល្អប្រសើរ ដើម្បីអោយសហគមន៍របស់យើង យកឈ្នះកូវីដ១៩ ៕