កណ្តាល៖ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឱក សុភា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថា ការចុះផ្សាយព័ត៌មានរបស់អង្គភាពគេហទំព័រ ខ្មែរប៉ុស្តិ៍ ដែលមានចំណងជើងថា៖ <<ជនជាតិចិន៩នាក់សង្ស័យផ្ទុកកូវិដ១៩នៅជ្រៃធំ ប្រុងរត់គេចមកទីក្រុងភ្នំពេញតែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់>>គឺជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ជាព័ត៌មានបែបបំពុលសង្គមតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯកស្នងការរងបានបន្តឲ្យដឹងទៀតថា តាមពិតចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងជនជាតិខ្មែរយើងនិងបរទេសគឺនៅគ្រប់ចំនួនដដែល ពុំមានបាត់វត្តរបស់នរណាម្នាក់នោះទេ។
លោកស្នងការរងបានបន្តយ៉ាងដូច្នេះថា ដោយមានការដឹកនាំផ្ទាល់ បញ្ជាផ្ទាល់ ចុះផ្ទាល់និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងក្រោមឱវាទរបស់ស្នងការដ្ឋានបានកំពុងយកចិត្តទុកដាក់បម្រើ ការពារ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតទាំងអ្នកកំពុងធ្វើចត្តាឡីស័ក ទាំងអ្នកដែលមានមុខសញ្ញាពាក់ព័ន្ធជំងឺកូវិដ-១៩នេះ។
ទន្ទឹមគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តបានបញ្ជាក់ឲ្យដឹងច្បាស់ៗថា ករណីព័ត៌មានខ្មែរប៉ុស្តិ៍ចុះផ្សាយថា ជនជាតិចិន៩នាក់សង្ស័យផ្ទុកកូវិដ១៩នៅជ្រៃធំ ប្រុងរត់គេចមកទីក្រុងភ្នំពេញតែត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់ ជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត។ លោកឧត្តមសេនីយ៍បន្តថា ជនជាតិចិនទាំង៩នាក់នេះ មិនទាន់ដឹងថាមកពីកន្លែងណាទេ ប៉ុន្តែមិនមែនរត់ចេញពីមណ្ឌលចត្តាឡីស័កនៅជ្រៃធំទេ ពួកយើងកំពុងនៅជ្រៃធំហើយ។ លោកស្នងការបញ្ជាក់បន្ថែមថា កម្លាំងនគរបាលជំនាញខេត្តកណ្ដាលក៏បានធ្វើការឃាត់ខ្លួនជនជាតិចិន៣នាក់ដែរ ហើយជំនាញកំពុងសួរនាំ៕




