តាកែវ៖ បញ្ហាការលក់ដូអនាធិបតេយ្យ នៅតាមបណ្ដោយផ្លូវជាតិលេខ២និងលេខ៣ ត្រូវបានសមាជិកក្រុមប្រឹក្សាខេត្តតាកែវ សម្តែងនូវការព្រួយបារម្ភព្រោះវាអាចនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី២១ អាណត្តិទី៣ របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ នេះលោក អ៊ុំ អ៊ួក សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានមានប្រសាសន៍បន្តថា ផ្លូវជាតិលេខ៣ បើតាមគ្រោងទុក ក្រសួងសាធារណៈការ និងបញ្ចប់គម្រោងសាងសង់រួចរាល់ជាស្ថាពរនៅខែ៩ ឆ្នាំ២០២១នេះ ហើយជាផ្លូវល្បឿនលឿន មានន័យថា ២គន្លងទៅ២គន្លងមក ដូច្នោះទាមទារអោយមានការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋធ្វើដំណើរឆ្លងកាត់ ហើយក្នុងនោះខេត្តតាកែវរបស់យើង គ្រប់គ្រងផ្លូវជាតិលេខ៣នេះ តែ៣០គីឡូម៉ែត្រទេ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ គឺប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ គឺពួកគាត់លក់នៅលើចិញ្ចីមផ្លូវ និងដាក់ឥវ៉ាន់ផ្សេងៗ នឹងធុងទឹកកក ឬធុងទឹកអំពៅជាដើម ដាក់លក់នៅលើគម្របលូ ដែលនេះជាបញ្ហាមួយដែលទាមទារ ឱ្យគណៈអភិបាលខេត្តនិងស្រុកជាប់ដងផ្លូវជាតិលេខ៣នេះ រៀបចំសណ្តាប់ធ្នាប់ និងហាមឃាត់ពួកគាត់មិនអោយលក់នៅតាមដងផ្លូវនេះយ៉ាងអាណាធិបតេយ្យបន្តទៀត ពីព្រោះវាអាចបង្កទៅជាបញ្ហាធំទៅថ្ងៃខាងមុខទាក់ទងនឹងការរំលោភដីចំណីផ្លូវជាតិនេះ ។

លោក អ៊ុំ អ៊ួក បន្ថែមទៀតថា ដោយឡែកចំពោះផ្លូវជាតិលេខ២នេះវិញ តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណៈការ គ្រោងបញ្ចប់នៅឆ្នាំ២០២២ ក្នុងខែមេសាខាងមុខ ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍នាពេលនេះ គឺថា ផ្លូវជាតិលេខ២នេះ គឺកំពុងតែធ្វើ ប៉ុន្តែបញ្ហាស្លាកសញ្ញាការដ្ឋាន នៅពុំទាន់មានគ្រាប់គ្រាន់ ម្យ៉ាងទៀតការស្រោចទឹករបស់ក្រុមហ៊ុន ក៏មិនទាន់ស្រោចបានពេញលេញ ដូច្នេះសូមមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជួយមើលបញ្ហានេះ និងដោះស្រាយអោយរួចរាល់ហើយ ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បញ្ហាផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣នេះ កន្លងមកគណៈកម្មការដោះស្រាយផលប៉ះពាល់ ក៏ដូចជាមន្ទីរជំនាញ និងអភិបាលស្រុកដែលជាប់ផ្លូវជាតិ២និងលេខ៣នេះ បានខិតខំប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ និងកំពុងតែបន្តដោះស្រាយបន្ថែមទៀត ប៉ុន្តែយើងក៏ជួបនៅផលលំបាក ដោយពេលយើងទៅអប់រំណែនាំ និងហាមឃាត់ប្រជាពលរដ្ឋដែលយកដីចំណីផ្លូវមកលក់នេះ ពួកគាត់ក៏ឈប់លក់និងយល់ព្រមរុះរើចេញ តែដល់ពេលអាជ្ញាធរចេញបាត់ ពួកគាត់ក៏នាំគ្នាមកលក់ដដែល ដែលនេះជាបញ្ហារបស់អាជ្ញាធរ ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្ត យើងនឹងខិតខំដោះស្រាយក៏ដូចជាព្យាយាមពន្យល់ អប់រំប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរដើម្បីឈប់លក់នៅលើដីចំណីផ្លូវ ក៏ដូចជាហាមមិនអោយមានការសង់រោងនៅលើគម្របលូតាមបណ្តោយផ្លូវជាតិនេះតទៅទៀត ៕