តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំក៏ដូចជាជម្រុញបន្ថែមទៀត ទៅដល់កម្លាំងសមត្ថកិច្ច ដែលកំពុងតែឈរជើងនៅតាមមណ្ឌលធ្វើចត្តាឡីស័កទាំងអស់នៅទូទាំងខេត្ត ត្រូវតែបង្កើនការយាមកាមឱ្យបានខ្លាំង ពិសេសពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានតឹងតែងបំផុត ដើម្បីធានាបាននូវការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅក្នុងសហគមន៍ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញពិនិត្យ សំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូពេទ្យ ប្រចាំការ កងកម្លាំងប្រចាំការ និងបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកំរិត២ ក្នុងសណ្ឋាគារ ស៊ីវិនដេអ៊ិន ស្ថិតនៅក្រុងដូនកែវ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ ជាមួយនឹងមន្រ្តីជំនាញពាក់ព័ន្ធ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការរឹតបន្តឹងនៅមណ្ឌលធ្វើចត្តាឡីស័កនេះ គឺដើម្បីធានាបានចំពោះសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់កំពុងតែធ្វើចត្តាឡីស័កនេះផង នឹងដើម្បីធានាបាននូវការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះផង ព្រោះប្រសិនបើយើងមិនបានរឹតបន្តឹងទេ អាចពួកគាត់នឹងដើរចេញទៅខាងក្រៅ ដូច្នោះគប្បី ធ្វើការរឹតបន្តឹង និងបន្ថែមកម្លាំងយាមកាមឱ្យបានខ្លាំងខ្លានៅគ្រប់មណ្ឌលធ្វើចត្តាឡីស័ក ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ក្រុមការងារចត្តាឡីស័ក ទាំងអស់ ត្រូវតែបង្កើនការគ្រប់គ្រងការងារសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានតឹងតែង គ្រប់គ្រងការងារអនាម័យឱ្យបានល្អប្រសើរ ពិសេសយកចិត្តទុកដាក់ទៅលើការយកសំណាក ពីបងប្អូនកំពុងធ្វើចត្តាឡីស័កទាំងអស់ឱ្យបានត្រឹមត្រូវ ព្រោះការយកសំណាកនេះ នឹងត្រូវធ្វើម្តងទៀត ហើយកងកម្លាំងដែលមានភារកិច្ចទាំងអស់ត្រូវបង្កើនការយកចិត្តបន្ថែមទៀតលើការងារប្រចាំការដោយដាក់កម្លាំង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាបានសុវត្ថិភាពបានល្អប្រសើរ។
ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ ។
ដើម្បីជួយធ្វើការលើកទឹកចិត្តដល់ក្រុមមន្រ្តីចត្តាឡីស័កទាំងអស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភដល់ក្រុមការងារចត្តាឡីស័កទាំងអស់ជាប្រចាំខែ នូវថវិកាមួយចំនួនផងដែរ ។
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តថា គិតមកដល់ត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១នេះ ខេត្តតាកែវ ប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក មានចំនួនជាង៧ពាន់នាក់នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២ មានចំនួន ៥៥៦នាក់ ស្រី ២២៧នាក់ ហើយក្នុងនោះ អ្នកដែលបានយកសំណាកទៅពិនិត្យទាំងលើកទី១ ខ្លះលើកទី២ និងខ្លះទៀតលើកទី៣ មានចំនួន ២៩៧៤នាក់ ស្រី ១២៣៣នាក់ ក្នុងនោះលទ្ធផលអវិជ្ជមានទាំងអស់ ៕






