តាកែវ  ៖ បន្ទាប់ពីបាត់ម៉ូតូម្ចាស់រត់ស្លន់ស្លោរទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តាមចាប់ចោរលួចម៉ូតូរបស់ខ្លួនខណ:ចតទុកនៅក្បែរស្រែភ្លេចខ្លួនមិនបានមើលមួយសន្ទុះព្រោះតែរវាល់ដើមើលស្រូវរបស់ខ្លួន។

ករណីចោរលួចម៉ូតូនេះ បានកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង១៤និង៤៥នាទី នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ  បង្កឡើងដោយជនសង្ស័យមានគ្នា០២នាក់។

បើតាមលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា  ក្រោយទទួលបានដំណឹងភ្លាម  លោកបានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ចុះធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់  ដែលមានឈ្មោះ  ទី១  ឈ្មោះ ប៉ិច  សុខលីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅបច្ចុប្បន្នភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី និងទី ២ឈ្មោះ ទូច  រី   ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលស្លែង  ឃុំក្រាំងលាវ  ស្រុកបាទី ខេត្តតាកែវ។

លោកអធិការបន្តថា  ជនសង្ស័យទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ 1AH-0809 របស់ឈ្មោះ ឃឹម  សុខន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 បច្ចុប្បន្នជនសង្ស័យទាំង២រួមនិងវត្ថុតាងម៉ូតូមួយគ្រឿង  ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី   ចំណែកម៉ូតូដែលជន សង្ស័យ លួចត្រូវបានប្រគាល់ជូនម្ចាស់ដើមវិញហើយ៕