តាកែវ៖ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវបានអះអាងថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី បានប្រែក្លាយពីប្រទេសដែលធ្វើកសិកម្មប្រើកម្លាំងគោក្របី មកជាប្រទេសដែលធ្វើកសិកម្មបែបទំនើប ដែលស្ថានភាពនេះ វិស័យកសិកម្មក្នុងស្រុកកំពុងតែមានភាពរីកចម្រើនខ្លាំង ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ និងសមាគមន៍សហគ្រិនដើម្បីសង្គម(ដែលហៅ កាត់ ថាSEA) ស្ដីពី ការងារសហប្រតិបត្តិការ នៃគម្រោងម៉ាស៊ីនកសិកម្ម ដែលប្រើរួចហើយ (ដែលហៅកាត់ថាគម្រោងAM)ទៅក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នាថ្ងៃសុក្រ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ លោក មូលវិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មបច្ចុប្បន្ននេះហាក់មានការងាយស្រួល ដោយសារតែមានបច្ចេកវិទ្យាថ្មី គ្រឿងចក្រទំនើបៗ ដែលបច្ចេកវិទ្យាថ្មីៗទាំងនេះអាចជួយអោយពួកគាត់ចំណាយថវិការតិច ចំណេញពេលវេលា និងទទួលបានទិន្នផលខ្ពស់ពីផលដំណាំរបស់ពួកគាត់ក្នុងការប្រកបរបរនេះ។
លោកអភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្តថាកន្លងមកក្រសួងកសិកម្មបានចុះអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ដល់បងប្អូនប្រជាពលរដ្ឋពីបច្ចេកទេសថ្មីៗការបាញ់ថ្នាំ និងប្រើប្រាស់ជីអោយបានត្រឹមត្រូវដើម្បីអោយផលដំណាំរបស់គាត់ទទួលបានទិន្នផលខ្ពស់ និងចងក្រងគ្នាជាសហគមន៍ដើម្បីងាយស្រួលក្នុងលក់ដូរទំនិញផងដែរ។
លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវបានបញ្ជក់ថាអាជ្ញាធរខេត្តកំពុងរកទីផ្សារអោយប្រជាកសិករ បើទោះបីជាប្រទេសបច្ចុប្បន្នកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ក៍ដោយ ដោយចាត់អោយមន្ទីរកសិកម្មខេត្ត សហការជាមួយភាគីពាក់ព័ន្ធដើម្បីរកឈ្មួញក្នុងទិញផលដំណាំប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាកសិករអោយកាន់តែមានជីវភាពធូរធារឡើងៗ៕




