ភ្នំពេញ៖ សន្តិសុខម្នាក់ដែលបានសម្រេចចិត្តដោយឯកឯងលើការដោះលែងស្រ្តីជាជនជាតិចិន០៤នាក់ (០២នាក់ វិជ្ជមានកូវីដ១៩) ដែលត្រូវបានសង្ស័យថា ជាប្រភពចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ជាលើកទី២ លួចចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ កាលពីពេលកន្លងទៅ អាចប្រឈមមុខចំពោះមុខច្បាប់ដោយមិនអាចលើកលែងបាន និងអាចត្រូវពិន័យជាប្រាក់ចន្លោះពី១០លានទៅ៥០លានរៀល
សន្តិសុខម្នាក់នេះ ក្រោយពីបានធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅឯមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨:៥០នាទីនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តនីតិវិធីតាមផ្លូវច្បាប់។
យោងតាមអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលមាត្រា៨នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រង់មាត្រា៨ថ្មី បានចែងថា៖ ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួល ដោយចេតនា ដល់អ្នកធ្វើដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីកន្លែងត្រួតពិនិត្យ ឬគេចវះពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជប្រាក់ពី ១០ ០០០ ០០០ (១០លាន)រៀល ដល់ ៥០ ០០០ ០០០ (៥០លាន)រៀល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភ: កន្លងទៅ សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារសំខាន់និងបន្ទាន់ចំពោះជនរួមជាតិថា  ប៉ុន្មានថ្ងៃនេះផ្ទុះករណីឆ្លងក្នុងសហគមន៍  មានស្ត្រីបួននាក់បានលួចចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុង សណ្ឋាគារសុខាភ្នំពេញ ទៅចូលក្លឹបដើរលេងកម្សាន្ត ដោយមានសន្ដិសុខនៃសណ្ឋាគារនោះជួយរំដោះ។ ស្ត្រី២នាក់ក្នុងចំណោម ស្ត្រីទាំង៤ នាក់នោះមានផ្ទុកជំងឺកូវីដ-១៩ ហើយបានបន្តរាលដាលដល់កន្លែងផ្សេងៗទៀត៕