មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញពីការព្រួយបារម្ភ ចំពោះផែនការរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលប្រជាពលរដ្ឋនៅតាមជនបទទូទៅ ទទួលបានការប្រើប្រាស់ទឹកស្អាត និងអនាម័យជនបទ ថាមិនអាចសម្រេចទៅតាមការកំណត់នេះ ដោយសារតែបញ្ហាកូវីដ១៩ឆ្លងជាសកល និងការបម្រែបម្រួលអាកាសធាតុ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី អង្គវិបស្សនា​ ​រៀប​ចចំដោយក្រុមការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនៅខេត្តតាកែវ ដែលមានរយៈពេល២ថ្ងៃ នៅសណ្ឋាគារអាសីលវិឡា ក្នុងក្រុងដូនកែវ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា​ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលត្រូវសម្រេចនូវទស្សនវិស័យនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ពីឆ្នាំ ២០១៤-២០២៥ វានៅតែជួបបញ្ហាប្រឈមមួយចំនួន​ ក្នុងនោះគឺបណ្តាលមកពីជំងឺឆ្លងកូវីដ១៩ ដែលកំពុងវាយលុកខ្លាំងនៅទូទាំងពិភពលោក ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ​ ដែលចំនុចទាំងនេះវាសុទ្ធសឹងតែជាផលអវិជ្ជមាន ដែលយើងនឹកស្មានមិនដល់ ហើយជះឥទ្ធិពលខ្លាំងលើទស្សនវិស័យដែលបានកំណត់ ដូច្នេះដើម្បីឈានទៅរកការសម្រេចនូវគោលបំណងធ្វើឱ្យប្រជាជននៅតាមតំបន់ជនបទ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០ភាគរយ នៅឆ្នាំ២០២៥ ខាងមុខនេះ  វាតម្រូវឱ្យក្រុមការងារផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទ ត្រូវ​បង្កើន​ការ​អនុវត្ត​ការងារ​លើទស្សនវិស័យនេះទ្វេដង ពិសេសសមាជិក​ សមាជិកា​នៃក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ ក៏ដូចជាអង្គការដៃគូដែលបាន និងកំពុងសហការទាំងអស់​ ត្រូវខិតខំបន្ថែមទៀត​ ខណៈដែលគម្រោងរបស់យើងសម្រេចបានជិតដល់គោលដៅហើយ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបន្តថា បញ្ហាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ គឺជាការចាំបាច់​សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបានជោគជ័យឱ្យខានតែបាន សម្រាប់​តំបន់ជនបទដាច់ស្រយាល​ ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់​ និងអនាម័យជនបទគ្រប់គ្រាន់ ហើយលទ្ធផលនៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ​ និងការប្រើប្រាស់ទឹកស្អាត គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រំពឹងទុកថា ក្រោយពីបានជួបជុំពិភាក្សា​ និងរៀនសូត្រផ្លាស់ប្តូរបទពិសោធ៍ពីគ្នាទៅ​វិញ​ទៅ​មក​ ក្រុមការងារទាំងអស់នឹងកាន់តែមានការយល់ដឹងច្បាស់ លើការងារដែលកំពុងអនុវត្តបន្ថែមទៀត និងកាន់តែមានភាពល្អប្រសើរឡើងក្នុងការផ្លាស់ប្តូរឥរិយាបទបងប្អូនប្រជាពលរដ្ឋ នៅតាមទីជនបទ បានយល់ដឹងពីផលប៉ះពាល់ដោយសារកង្វះអនាម័យ និងមិនបានបរិភោគទឹកស្អាតជាប្រចាំ ឱ្យងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យបានគ្រប់ខ្នងផ្ទះ៕