តាកែវ៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តការបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ ដោយធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតបានថ្នាំញៀន ម្សៅក្រាមសថ្លា (ប្រភេទមេតំហ្វេតាមីន) ប្រមាណជិត២គីឡូក្រាម ។

តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ដោយមានការសម្រួបសម្រួលនីតិវិធីច្បាប់ពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ពីរូបលោកផ្ទាល់ បានចុះបង្រ្កាបករណីចែកចាយ និងជួញដូរសារធាតុញៀនខុសច្បាប់នៅចំណុចទីតាំងភូមិគ្រួស ឃុំពារាម ស្រុកបាទី ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហេង លឹមគាន់ ប្រុសអាយុ ២៣ឆ្នាំ ដោយដកហូតបានម្សៅក្រាម០៣កញ្ចប់ធំ ទម្ងន់១១៣,៥៦ក្រាម ជញ្ជីង១ កាលពីរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើបានឆ្លើយសារភាព ប្រាប់ថា ថ្នាំញៀនដែលខ្លួនយកនេះ ខ្លួនបានទិញពីនារីម្នាក់ ឈ្មោះ ស្រ៊ុន ស្រីមុំ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅម្ដុំវត្តស្លែង រាជធានីភ្នំពេញ ដូច្នោះទីតាំងរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខេត្តបានពន្លាតដែនសមត្ថកិច្ច និងសុំការសហការជាមួយកម្លាំងជំនាញ អាវុធហត្ថលើផ្ទាំប្រទេស និងកម្លាំងអ.ហរាជធានីភ្នំពេញ និងអ.ហខណ្ឌដង្កោ បានចុះបង្ក្រាបករណីគ្រឿងញៀនដឹកនាំបញ្ជាដោយលោកឧ.ត្រី អ៊ុង ដេប៉ូ ស្នងការរងស្រាវជ្រាវនិងបង្រ្កាបបទល្មើសអហផទ.លោកវ.ទោ អ៊ួង វិរះរត្ន័មុន្នី នាយការិ.ប្រឆាំងបទល្មើសគ្រឿងញៀនអហផទ.លោកវ/ត្រី ម៉ក់ ផល្លា អនុប្រធានីមន្ទីរយុត្តិធម៍អហរាជធានីភ្នំពេញ នៅវេលាម៉ោង១៦.២០នាទីថ្ងៃខែឆ្នាំដដែល នៅចំនុចមុខសាលាបឋមសិក្សាពងទឹកភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីឈ្មោះខាងលើនេះ និងដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៍សថ្លា១៥កញ្ចប់ ជញ្ជីថ្លឹងថ្នាំញៀន០១ ម៉ូតូ ០១គ្រឿងម៉ាក Beat ពណ៍សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1HX-7292 ទូរស័ព្ទដៃ០១គ្រឿងម៉ាកViVOពណ៍ខ្មៅ។

បើតាមលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី ជនសង្ស័យទាំងពីរនាក់នេះ បច្ចុប្បន្ន កម្លាំងជំនាញកំពុងតែសាកសួរស្រាវជ្រាវបន្ថែមរកមេក្លោងមកផ្តន្ទាទោសតាមច្បាប់ ៕