ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំក៏ដូចជាបន្តអំពាវនាវទៅដល់បងប្អូន ប្រជាពលរដ្ឋកុំកឱ្យសោះពីវិធានការរបស់ក្រសួងសុខាភិបាល និងបន្តការការពារការចម្លងកូវីដ១៩ កុំឱ្យឆ្លងមកបុគ្គលនិងមកក្រុមគ្រួសារ ពិសេសអនុវត្តវិធានការណ៍៣កុំ និង៣ការពារ ដោយត្រូវពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីរក្សាបាននូវសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នាព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជិតចូលដល់ឆ្នាំចិនហើយ នៅស្រុកខ្មែរនេះចូលឆ្នាំចិន-វៀតណាម មានខ្មែរយើងធ្លាប់និយាយថាចូលឆ្នាំចិន ស្រវឹងខ្មែរ រឿងនេះជារឿងពិត ខ្មែរយើងមិនដឹងមកពីខាងណាទេដាក់ហើយ សុទ្ធតែសែនព្រេនអីនឹងគេដែរ ចូលឆ្នាំចិនពិតជាស្រវឹងខ្មែរ ចឹងខ្ញុំសុំថាសប្បាយអី ក៏សប្បាយចុះ ប៉ុន្តែកុំភ្លេចអា «៣កាពារ»នេះ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព ធ្វើចឹង អានឹងជាសមយុទ្ធនៃការរៀបចំ ការងារនៅធ្វើបានក៏ប៉ុន្តែយើងរក្សាបាននូវសុវត្ថិភាព សម្រាប់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្តេចសុខចិត្តធ្វើជាមនុស្សចុះចាញ់ដើម្បីឈ្នះជំងឺកូវីដ១៩ ហើយវិធីដែលល្អជាងគេនោះគឺធ្វើជាអ្នកខ្លាច តែមិនមែន បាត់បង់នូវម្ចាស់ការ ហើយស្លន់ស្លោរនោះទេ តែយ៉ាងណាត្រូវខ្លាច ព្រោះជំងឺកូវីដ១៩នេះ មិនដឹងនៅទីណាឱ្យពិតប្រាកដនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា សង្គ្រាមយោធា គេអាចដឹងថាវាមកទិសខាងណា កាំភ្លើងធំបាញ់មកពីទិសណា គេអាចដឹងនឹងអាចការពារបាន ប៉ុន្តែ ជំងឺកូវីដ១៩នេះ គឺមិនអាចដឹងថាវានៅកន្លែងណាឱ្យពិតប្រាកដនោះទេ ដូចនេះហើយមានតែបន្តការគ្រប់គ្រង និងបន្តវិធានការ «៣កុំ» និង «៣ការពារ» ដើម្បីរក្សាបាននូវ សុវត្ថិភាពសម្រាប់ទាំងអស់គ្នា៕