តាកែវ៖ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  បានធ្វើការជម្រុញ និងក្រើនរំលឹកទៅដល់កងកម្លាំងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងក្នុងការត្រូវទប់ស្កាត់នូវបទល្មើសៗឲ្យបាន ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព ។
ថ្លែងនៅចំពោះមុខមន្រ្តីនគរបាល នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ  បានមានប្រសាសន៍ថា ក្នុងនាមយើងជាមន្រ្តីកងកម្លាំងសមត្ថកិច្ច និងជាអ្នកបម្រើប្រជាពលរដ្ឋ យើងត្រូវតែខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ រហ័សទាន់ចិត្ត ធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ចិត្តពីពួកគាត់ដែលមកទទួលសេវា ជាពិសេសត្រូវតែធ្វើយ៉ាងណាឲ្យភូមិឃុំរបស់យើងមានសុខសុវត្ថិភាព ដែលជាការចង់បានរបស់ពលរដ្ឋគ្រប់រូប ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តទៀតថា ភូមិឃុំមានសុវត្ថិភាព គឺជាភូមិឃុំដែលមានភាពសុខសាន្ត មានសុវត្ថិភាព គ្មានអំពើចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ហើយបើកាលណាភូមិឃុំរបស់យើងមានសុវត្ថិភាពហើយ នោះការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក៏រីកចម្រើនកាន់តែល្បឿន កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក៏កាន់តែធូរធារផងដែរ ដូច្នោះការងារទាំងអស់នេះ គឺជាការងាររបស់យើងទាំងអស់គ្នា ដែលជាមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែចូលរួមសហការគ្នាឲ្យបានល្អ និងចេះរួបរួមសាគ្គីគ្នាឲ្យរឹងមាំ ដើម្បីឲ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានអំពើអបាយមុខ ឬបទល្មើសកើតមានឡើង ។
បើតាម លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានបន្ថែមថា ប្រជាពលរដ្ឋនៅពេលដែលពួកគាត់រស់នៅប្រកបដោយភាពសុខសាន្ត សុវត្ថិភាព គ្មានភ័យខ្លាចនូវចោរលួច ឆក់ នោះជាគោលដៅធំបំផុតរបស់យើងទាំងអស់គ្នា ដែលចង់បាននូវភូមិឃុំដែលមានតែសុខសុវត្ថិភាព ហើយនេះជាមោទនៈភាពរបស់យើងផងដែរ ក្នុងនាមជាកងកម្លាំងដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងការពារឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់៕