កំពង់ឆ្នាំង ៖ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ សមាគមន៍របស់លោក បានរួមចំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសស្រាក់សស្រាំ លើកិច្ចការមនុស្សធម៌ ពិសេសប្តេជ្ញានឹងបង្កើនសកម្មភាពមនុស្សធម៌របស់ខ្លួនបន្ថែមទៀត ឱ្យដូចជាភ្លៀងរលឹម ក្នុងការ ចែកអំណោយ និងជួយសង្រ្គោះបងប្អូនប្រជាលរដ្ឋក្រីក្រ ចាស់ជរា និងរងគ្រោះដោយសារគ្រោះមហន្តរាយនានាជាដើមនោះ។
អញ្ជើញជាអធិបតីនៅក្នុងប្រកាសតែងតាំង និងសម្ពោធសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ លោកម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានលើកឡើងថា សកម្មភាពរបស់សមាគមន៍ចលនាយុវជនកម្ពុជា ក្រុម១៥៧ គឺបង្កើតឡើង ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា គ្មានទីពឹង នឹងពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ហើយអំណោយដែលសមាគមន៍យកទៅចែកជូននាពេលកន្លងមក គឺបានមកពីប្រមូលថវិកាពីសមាជិក សមាជិការបស់សមាគមន៍ ។
លោកប្រធានសមាគមន៍ បានថ្លែងបញ្ជាក់ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពមនុស្សធម៌របស់សមាគមនេះ នឹងមិនសាបសូន្យនោះឡើយ ហើយនឹងខិតខំគៀរគរ រកមូលនិធិពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសដើម្បីយកមកជួយប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាក់នេះបន្ថែមទៀតផងដែរ ខណៈការពង្រីកសាខាថ្មីក៏នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន នៃខេត្តនីមួយៗ ក្នុងការចុះជួយជនរងគ្រោះពីយថាហេតុផ្សេងៗនោះ។
នៅក្នុងពិធីនេះដែរ ក៏មានការចែកអំណោយដល់ចាស់ជរា ចំនួន២០គ្រួសារផងដែរ ដោយមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕





