តាកែវ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ដោយចាត់ទុក តម្លៃសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើនទៅមុខបាន ព្រោះប្រសិបបើគ្មានសន្តិភាពនេះទេ ពិតជាគ្មានឱកាសម្រាប់អភិវឌ្ឍន៍ឡើយ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ នូវអាគារសាលប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំរវៀង ស្រុកសំរោង ដែលមានទំហំប្រវែង ៨ម៉ែត្រ គុណ២៥ ម៉ែត្រ នាព្រឹកថ្ងៃអាទិត្យ ទី ២៤ ខែមករា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៨ឃុំ បានមានប្រសាសន៍បន្តថា សន្តិភាពនេះហើយ ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នា បានជួបជុំក៏ដូចជាបានកសាង និងអភិវឌ្ឍន៍ប្រទេស ជារៀងរាល់ថ្ងៃ ពោលតម្លៃសន្តិភាពនេះ ពិតជាមិនអាចខ្វះបានឡើយ ហើយយើងទាំងអស់គ្នា បេ្តជ្ញាត្រូវ តែចូលរួមថែរក្សាសន្តិភាពឱ្យនៅជាស្ថិតស្ថេរជាអមតៈ ។
លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ទៀតថា ពាក្យ អរគុណសន្តិភាព ជាសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ក្លាយជាពាក្យស្លោក របស់ប្រជាជនដែលស្រឡាញ់សន្តិភាព ហើយក៏ត្រូវបានបិទនៅតាមក្រសួង ស្ថាប័ន មន្ទីរពេទ្យ សាលារៀន តាមទីសាធារណៈនានាផងដែរ ដែលនេះបញ្ជាក់បានថា ប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមរបស់យើង ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា រយៈពេល២៣ឆ្នាំ ក្រោមនយោបាយឈ្នះៗសម្តេចតេជោ ហ៊ុន សែន ពោលចាប់តាំងពីឆ្នាំ១៩៩៨មក ប្រទេសជាតិរបស់យើងចាប់ផ្តើមមានស្ថេរភាព សន្តិភាព និងឯកភាពទឹកដី ដែលរយៈពេលនេះ សម្តេចតេជោ លោកបានខិតខំប្រឹងប្រែងណាស់ ក្នុងការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ ដែលសមទ្ធិផលទាំងអស់ ពិតជាលំបាកក្នុងខ្លាំង ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ រួបរួមគ្នាការពារសុខសន្តិភាពនេះ និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាព ថ្កុំថ្កើង និងរុងរឿងជានិច្ច ៕









