តាកែវ៖ បន្ទាប់ពីមានការស្នើសុំ និងតវ៉ាពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង ១១គ្រួសារ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ លើករណីប្រជាពលរដ្ឋយកបង្គោលមកដាំធ្វើរបងនៅលើដីផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានថ្លែងឱ្យដឹងថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ពីលោក កៅ វគ្គសែល អភិបាលស្រុក បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើការណែនាំ អប់រំ រុះរើ និងដកបង្គោលរបងចេញពីចំណីផ្លូវសាធារណៈ តាមការសំណូមពររបស់ប្រជាពលរដ្ឋ ចំនួន ១៣គ្រួសារ ដើម្បីទុកជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ ធ្វើដំណើរបានស្រួលដូចដើមវិញ ទៅតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំ។
លោកបន្តថា បន្ទាប់ពីបានធ្វើការអប់រំណែនាំ និងបានយល់ព្រមធ្វើការរុះរើ ពីគ្រួសារដែលបានយកបង្គោលឈើ មកដាំធ្វើរបងលើដីចំណីផ្លូវរួច កម្លាំងគណៈបញ្ជា ការឯកភាពស្រុក ក៏បានធ្វើការដកហូតបង្គោលឈើចំនួន ២៤ ដើម ដែលបានដាំរំលោភលើដីចំណីផ្លូវសាធា រណៈនោះ យកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំត្រពាងធំខាងត្បូង រងចាំការដោះស្រាយបញ្ចប់។
លោក សាយ វណ្ណៈ បានបញ្ជាក់ថា ចំណែកឯរបងថ្ម ដែលនៅសេសសល់នោះ គឺអាជ្ញាធរបានអោយធ្វើកិច្ចសន្យាដោយទុករយៈពេល៧ថ្ងៃ ដើម្បីធ្វើការរុះរើចេញ បើមិនរុះរើទេនោះ អាជ្ញាធរស្រុកនិងចសត់វិធានការទៅតាមផ្លូវច្បាប់តែម្តង ៕





