តាកែវ៖ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង ៥នាទី មានករណីលួចម៉ូតូបានកើតឡើង នៅចំណុចផ្លូវខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្វើសកម្មភាពដោយជនសង្ស័យចំនួនពីរនាក់ ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានចោរលួចម៉ូតូនៅត្រង់ចំណុចខាងលើភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះឃាត់ខ្លួនបានជនសង្ស័យបាន១នាក់ ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិប្រហាល ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតគេចខ្លួនបាត់។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស៍យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០០៧ គ្មានផ្លាកលេខ ទៅធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខតាកែវ 1T-4909 របស់ជនរងគ្រោះឈ្មោះ ម៉ុម អ៊ួង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ចំណែកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៧ ដែលជនសង្ស័យទាំងពីរជិះធ្វើសកម្មភាព គឺជាម៉ូតូដែលពាក់ព័ន្ធនឹងអំពើលួចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤.៣០នាទី របស់ជនរងគ្រោះឈ្មោះ មាស សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថ កិច្ចនាំមកអធិការដ្ឋានដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ៕