តាកែវ៖ ក្នុងឱកាសចុះបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាបនៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន នានានៅគ្រប់មូលដ្ឋាន នៅទូទាំងខេត្តតាកែវ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក សួន សុទ្ធា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងនៅចំពោះមុខអាជ្ញាធរស្រុក និងលោកមេឃុំចំនួន០៤ និងមន្រ្តីពាក់ព័ន្ធនានា ក្នុងស្រុកព្រៃកប្បាស ដោយបានធ្វើការណែនាំដល់ពលរដ្ឋ ដែលរស់នៅជាប់នឹងផ្លូវសាធារណៈទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពសង់សំណង់រឹងមាំគ្រប់ប្រភេទ ដែលជៀសវាងប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ ដែលបង្កឱ្យមានការបាត់បង់សំណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពនៅតាមទីប្រជុំជននានា នៅទូទាំងខេត្តតាកែវ។ លោក សួន សុទ្ធា អនុប្រធានមន្ទីរសាធារណៈការខេត្ត បានបន្ថែមថា ចំពោះយុទ្ធនាការចុះរៀបចំសណ្ដាប់ ធ្នាប់នៅតាមមូលដ្ឋានក្រុងស្រុកនេះ គឺនឹងបន្តធ្វើជាលក្ខណៈដូចភ្លៀងរលឹម ហើយក៏ព្យាយាមធ្វើការបញ្ជ្រាបការយល់ដឹង អំពីសណ្ដាប់ធ្នាប់ រួមទាំងបញ្ហាអនាម័យ ដល់ប្រជាពលរដ្ឋកាន់តែច្រើន ដោយសង្ឃឹមដែរថា ប្រជាពលរដ្ឋនឹងចូលរួមសហការ ដើម្បីសោភ័ណ្ឌភាពស្អាតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះគឺមន្ទីរជំនាញ បាននិងកំពុងចុះសហការជាមួយអាជ្ញាធរគ្រប់មូលដ្ឋានក្រុងស្រុកទាំងអស់ ដើម្បីធ្វើការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាការទុកដាក់សម្ភារសំណង់លើចំណីផ្លូវ ការចតរថយន្តយានយន្តលើចិញ្ចើមផ្លូវជាដើម។ ចុងក្រោយ លោក សួន សុទ្ធា អនុប្រធានមន្ទីរសាធារណៈការខេត្ត ក៏បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋទាំងឡាយណា មិនគោរពតាមបំរាម និងការណែនាំ របស់អាជ្ញាធរទេ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់៕