កែប ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៤ ខែមករានេះ មានរៀបចំកិច្ចប្រជុំអន្តរក្រសួងរៀបចំសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទេសចរណ៍ ថ្លែងថា នៅក្នុងសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គឺមានគោលដៅសំខាន់ជម្រុញខេត្តកែប ក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែកាយកម្រិតខ្ពស់នៅប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅពេលនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបរួចហើយ នៅសល់ការងារសេសសល់មួយចំនួន ដែលត្រូវពិភាក្សាគ្នាបន្ត ដើម្បីអោយផែនការមេនេះក្លាយផែនទីសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប អោយក្លាយជាគោលទេសចរណ៍សំរាកកម្សាន្តលំហែកាយកម្រិតខ្ពស់របស់ប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍ ទេសចរណ៍ខេត្តកែបនេះ គឺបានកំណត់ប៉ូលទេសចរណ៍ចំនួន៤ ដើម្បីធ្វើការអភិវឌ្ឍន៍ រួមមាន ៖ ការអភិវឌ្ឍ ក្រុងកែបចាស់ អភិវឌ្ឍន៍តំបន់អង្កោល តំបន់ចំការម្រេច និងតំបន់ប្រជុំកោះ។ ឯកឧត្តម បញ្ជាក់ថា សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គឺយើងមិនអនុញ្ញាតអោយបង្កើតអាជីវកម្មកាស៊ីណូ និងខារ៉ាអូខេ នោះទេ ពោលគឺត្រូវអភិវឌ្ឍន៍បង្កើតផ្ទះស្នាក់សណ្ឋាគារ រីស៊ត អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលកម្រិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ បណ្តាញអគ្គិសនីដើរកម្សាន្តពេលយប់ ការអភិវឌ្ឍ បរិស្ថានស្អាតគ្មានសំរាម ជាពិសេសមិនអោយមានទឹកកខ្វក់ ទឹកស្អុយ និងសារធាតុគីមីផ្សេងៗ ជាដើមហូរចូលទឹកសមុទ្រជាដើម។ បើតាមការស្រាវជ្រាវ បង្ហាញដោយ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទេសចរដែលទៅទស្សនាខេត្តកែប រយៈពេលខ្លីកន្លងមក គឺភាគច្រើនទេសចរទៅលេងកម្សាន្តតែឆ្នេរកែប ទៅកោះទន្សាយ និងទៅពិសារអាហារសមុទ្រនៅតំបន់នោះតែប៉ុណ្ណោះ ។ ដោយឡែកភ្ញៀវទេសចរដែលទៅទស្សនាខេត្តកែបរយៈពេលយូរ គឺភាគច្រើនគេបន្តទៅទស្សនា តំបន់ចំការម្រិច អង្កោល និងទៅទស្សនាតំបន់នានាទៀត ដែលមានសក្តានុពល។ ឯកឧត្តម នី ផល្លី បានបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២០ ឆ្នាំ២០២១ បានបង្កើតគម្រោងអភិវឌ្ឍន៍ចំនួន២៥១គម្រោង ខណៈក្នុងផែនការនេះ ក៏មានគម្រោងអភិវឌ្ឍន៍ ខេត្តកែប និងខេត្តកំពត អោយក្លាយជាគោលដៅទេសចរណ៍តែមួយផងដែរ៕