ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១០.១៩៣ករណី ដោយឃាត់មនុស្សចំនួន ២០.៩១៣នាក់ (ស្រី១២៦៧នាក់) ក្នុងនោះមានជនបរទេសចំនួន ៣៥៥នាក់ (ស្រី៤៥នាក់ មាន១៤សញ្ជាតិ)។ នេះបើយោងតាមរបាយការណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា ក្នុងចំណោមករណីបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន ៦.៥៣៦ករណី ដោយចាប់មនុស្សចំនួន ១២.២៤៥នាក់ (ស្រី ៩៥១នាក់), ករណីប្រើប្រាស់ចំនួន ៣៦៦៧ករណី ដោយចាប់មនុស្ស ៨.៦៦៨នាក់ (ស្រី ៣១៦នាក់) និងអនុវត្ដដីកាចំនួន ៥១០ដីកា ចាប់មនុស្ស ៤៧៥នាក់ (ស្រី ១២នាក់)។ ចំពោះសារធាតុញៀនគ្រប់ប្រភេទ ដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៣២៥១គីឡូក្រាម និង ៨២៥កញ្ចប់តូច, កញ្ឆាចំនួន ២៨៩គីឡូក្រាម និង ២៨៧.៧៣៥ដើម។ សម្ភារចាប់យកមាន រថយន្ដ ១៤៨គ្រឿង, ម៉ូតូ ២.៦១៨គ្រឿង, ទូរស័ព្ទ ៧.៩០៨ គ្រឿង, ជញ្ជីង ៥៣០គ្រឿង, អាវុធខ្លី ២៩ដើម, អាវុធវែង ២៦ដើម។ ក្រៅពីនោះ ស្នើសុំបង្កកចំនួន ៦កន្លែង ផ្ទះ២កន្លែង ដីផ្ទះ ២កន្លែង ខុនដូ ១កន្លែង និងឃ្លាំង ១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ ផងដែរ៕