បាងកក៖ ករណីឆ្លង និងស្លាប់ ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសថៃ កំពុងមានការកើនឡើងជារៀងរាល់ថ្ងៃ បណ្ដាលឱ្យរដ្ឋបាលក្រុងបាងកក បានសម្រេចបិទអាជីវកម្មចំនួន ២៥ប្រភេទ ភាគច្រើនជាកន្លែងកម្សាន្ត ចាប់ពីថ្ងៃទី០២ខែមករា ឆ្នាំ២០២១នេះតទៅ ដើម្បីបង្ការការចម្លងវីរុសដ៏កាចសាហាវនេះ។ អាជីវកម្មទាំង២៥ដែលអាជ្ញាធរថៃតម្រូវឱ្យផ្អាក មានដូចជា ក្លិបកម្សាន្ត សួនទឹក កន្លែងលេងល្បែងអនឡាញ ផ្សារបណ្ដែតទឹក ល្បែងជល់មាន់ មណ្ឌលចាស់ជរា សង្វៀនប្រដាល់ កន្លែងម៉ាស្សា ក្លិបហាត់ប្រាណ សាលារៀន។ល។ មានតែ អាហារដ្ឋាន ហាងលក់ទំនិញ ភោជនីយដ្ឋាន ប៉ុណ្ណោះដែលអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែមិនអនុញ្ញាតឱ្យមានលក់គ្រឿងស្រវឹងឡើយ។ ចំពោះសាលារៀន អាជ្ញាធរថៃ តម្រូវឱ្យផ្អាករយៈពេល ២សប្ដាហ៍ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩នៅក្នុងសាលារៀន។ ថៃបានរកឃើញករណីឆ្លងកូវីដ១៩ថ្មី ចំនួន ២១៦នាក់ នៅថ្ងៃសៅរ៍នេះ ក្នុងនោះ ២១៤នាក់ជាការឆ្លងក្នុងសហគមន៍។ នៅថ្ងៃដដែល ថៃក៏មានអ្នកស្លាប់ចំនួន ១នាក់បន្ថែមផងដែរ ដោយសារវីរុសកូវីដ១៩ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៦៤នាក់ និងឆ្លងសរុប ៧៣៧៩នាក់៕ ប្រភព៖ Bangkok Post