ភ្នំពេញ៖ នេះបើយោងតាមការសរសេរបង្ហោះនៅបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ដោយបានបញ្ជាក់ថា៖ ក្នុងឱកាសខួបទី ៨ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ខ្ញុំសូមសម្ដែងនូវការអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាជិកាទាំងអស់នៃសមាគមដែលបានធ្វើឲ្យសមាគមអាចសម្រេចភារកិច្ចដ៏ត្រចះត្រចង់ជាច្រើននៅក្នុងបុព្វហេតុមនុស្សធម៌ ព្រោះថាជោគជ័យរបស់សមាគមក្នុង៨ឆ្នាំនេះមិនអាចសម្រេចបានបើគ្មានការចូលរួមគាំយ៉ាងសកម្មរបស់សមាជិកសមាជិកាសមាគមទាំងអស់ទេ។ ខ្ញុំសូមអរគុណចំពោះបណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់របស់ TYDA ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមយើង ដែលជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌របស់សមាគមបានប្រព្រឹត្តទៅដោយប្រសិទ្ធភាព។ ខ្ញុំក៏សូមអរគុណផងដែរចំពោះបណ្ដាសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់សមាគម ដែលបង្កលក្ខណៈឱ្យសមាគមយើងមានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានទូលំទូលាយក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ៕