តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធ សព ឯកឧត្តម ពុធ ខូវ ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អតីតសមាជិកព្រឹទ្ធសភា និងជាអតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ដែលបានទទួលមរណៈភាពនៅវេលាម៉ោង ០៥:២០នាទី ទៀបភ្លឺ ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ ដែលបច្ចុប្បន្នសពត្រូវបានកម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនាឱកាសនោះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក៏សូមសម្ដែងនូវការសោកស្ដាយជាពន់ពេក អាលះអាល័យជាពន់ពេកជាមួយ លោកស្រី ឡុញ សុគន្ធា និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ពុធ ខូវ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរមន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ៕