ក្រសួងបរិស្ថាន ទើបតែចេញប្រកាសថ្មីមួយ ដោយហាមមិនឲ្យជិះយានយន្តគ្រប់ប្រភេទឡើងតំបន់ភ្នំខ្នងផ្សារ ហាមកាប់ដើមឈើ សូម្បីតែសម្រាប់ធ្វើអុស និងហាមចោលសំរាម។ បើល្មើសនឹងបម្រាមទាំង ៣នេះ ត្រូវផាកពិន័យពី ១លាន ទៅ ១០លានរៀល។ ក្នុងសេចក្តីជូនដំណឹង ស្តីពី វិធានការទប់ស្កាត់ការបំផ្លាញសារព័នមជ្ឈដ្ឋានធម្មជាតិ និងធនធានជីវៈចម្រុះ នៅតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រសួងបរិស្ថាន បានពិនិត្យឃើញថា កន្លងមក មានទេសចរជាច្រើន បានធ្វើដំណើរទៅលេងកំសាន្តនៅភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីគយគន់ទេសភាពធម្មជាតិដ៏ស្រស់ល្អស្អាត មានជាអាទិ៍៖ ព្រះសុរិយាចាប់រះឡើង ព្រះសុរិយារៀបអស្តង្គត ដុំពពកហោះខ្មួលខ្មាញ់ ទេសភាពវាលស្មៅ និងព្រៃព្រឹក្សា ហ្វូងសត្វបក្សាបក្សី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ដែលទេសចរប្រសិទ្ធនាមតំបន់ភ្នំខ្នងផ្សារនេះថា «ឋានសួគ៌ធម្មជាតិ»៕ សូមអានសេចក្ដីជូនដំណឹង របស់ ក្រសួងបរិស្ថាន ដូចខាងក្រោម៖