តាកែវ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានដាក់បទបញ្ជាទៅដល់ក្រុមគ្រឿងចក្រមួយក្រុម ដែលមានមេការ សោ ដែលថ្លើមធំហ៊ានកាយយកអាមច៍ដីលើខ្នងប្រឡាយដំបូកក្រឡឹប មានទីតាំងខាងជើងភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ធ្វើយ៉ាងណាឲ្យខ្នងប្រឡាយមួយនេះ មានសភាពដូចដើមវិញ ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងប្រាប់ផុសខ្មែរអាស៊ី ឱ្យដឹងថា បន្ទាប់ពីមាន អ្នកសារព័ត៌មានរាយការណ៍មកថា មានគ្រឿងចក្រមួយក្រុម បានធ្វើសកម្មភាពកាយយកអាមច៍ដីនៅ ខ្នងប្រឡាយដំបូកក្រឡឹប រូបលោកក៏បានបញ្ជាទៅដល់អាជ្ញាធរសង្កាត់ចុះឃាត់សកម្មភាពកាយនេះ ព្រមទាំងតម្រូវឱ្យក្រុមគ្រឿងចក្រនេះ ធ្វើខ្នងប្រឡាយអោយស្អាតដូចដើមវិញ ព្រោះខ្នងប្រឡាយនេះ វាជាផ្លូវសម្រាប់ឱ្យពលរដ្ឋក្នុងមូលដ្ឋាននេះ ធ្វើដំណើរទៅមក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ មានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះមហាសកម្មភាពដ៏អស្ចារ្យមួយនេះ គឺក្រុមគ្រឿងចក្រមួយក្រុមដែលគ្មានវិចារណញ្ញាណ បានកាយយកអាមច៍ដីលើខ្នងប្រឡាយដំបូកក្រឡឹប ដែលខ្នងប្រឡាយនេះ គឺជា ប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារ ធ្វើដំណើរលើខ្នងប្រឡាយនេះ ប៉ុន្តែបែរជាក្រុម អស់នេះ ថ្លើមធំហ៊ានកាយបំផ្លាញខ្នងប្រឡាយបែបនេះទាល់តែសោះ កាយប្រវែងជិត ៥០ម៉ែត្រ ទើបបែកធ្លាយទៅដល់អាជ្ញាធរក្រុង ខណៈដែលអាជ្ញាធរមូលដ្ឋានមិនដឹងសោះរឿងតូចពិនម្ជុលនេះ ៕
ប្រភព៖
PostKhmerAsia