ភ្នំពេញ ៖ ព្រះចៅអធិការវត្តចេតិយថ្មី ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកខ្សែរឹតក បណ្ដាលឲ្យសុគត បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២០ នៅចំណុចលើកុដិក្នុងវត្តចេតិយថ្មី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ឃាតករ បានចូលធ្វើគត ព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតា រ៉ន មានព្រះជន្មាយុជាង ៥០ វស្សា កាលពីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។
លុះព្រឹកឡើង ដូនជីម្នាក់ ឆ្ងល់មិនឃើញ ព្រះគ្រូចៅ អធិការវត្ត និមន្តមកឆាន់ព្រឹក គាត់ក៏ដើរទៅមើល នៅកុដិ ឃើញទ្វារកុដិចំហរបន្ដិច តែបើកទ្វារ ពុំចេញ ក៏បានហៅដូនជី ម្នាក់ទៀត មកជួយ ក៍ប្រទះឃើញ ព្រះអង្គសុគត បាត់ទៅហើយ។ សាកសពព្រះអង្គ ឃើញប៉ោងមុខ ប៉ោងមាត់ និងឃើញមានខ្សែ ពួរចងរឹត ក ។
តាមប្រភពពីសមត្ថកិច្ចស្រុកពញាឮ និង នគរបាល ខេត្តកណ្ដាល បានចុះស៊ើបអង្គេត និងធ្វើកោសល្យវិច័យលើព្រះសព ក្នុងរឿងនេះ នៅកន្លែងកើតហេតុ យ៉ាងយកចិត្តទុកដាក់បំផុត ៕