ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧត្ដុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងថា វិសម្ពាធ(Tropical Depression) ដែលបាននឹងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិលរបស់ខ្លួនទៅជាកូនព្យុះទី២៣ ឈ្មោះក្រវាញ (KROVANH)។ តាមការព្យាករ ព្យុះនេះនឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ(Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានស្ថានភាពដូចជា៖ -បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឥសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៧ ទៅ២០អង្សាសេ។ -បណ្ដាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី១៨ ទៅ២១អង្សាសេ នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយ ទៅមធ្យម។ -បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី២០ ទៅ២៣អង្សាសេ នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គូរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕ សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖