(ខេត្តតាកែវ) ៖ នៅព្រឹកថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ ២០២០ មានជនសង្ស័យចំនួន២រូបត្រូវបានកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាស ធ្វើការចាប់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាកសិករ រស់នៅក្នុងភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច សកម្មភាពនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចព្រែក៣៧ ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានចោរកាច់កម៉ូតូនៅត្រង់ចំណុចខាងលេីភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ចុះឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់។ ហើយជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជាក់ថា ៖ទី១.ឈ្មោះ ហ៊ិន ថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារទួលពង្រ រាជធានីភ្នំពេញ និង ទី២.ឈ្មោះ សូ តុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ដោយឡែកម៉ូតូដែលជនសង្ស័យបានលួចកាច់កនោះ ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1R-6649 ជារបស់ជនរងគ្រោះឈ្មោះ ញ៉េប កុយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ជាមួយគ្នានេះដែរ អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ក៏បានធ្វើការសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើសព្រហ្មទណ្ឌ ដែលកើតមានក្នុងភូមិសាស្ត្ររបស់បងប្អូន ឬបានដឹងឮអំពីបទល្មើស មកកាន់លេខទូរស័ព្ទ 097 7780068 ដើម្បីកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕