ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន មិនមានរកឃើញករណីវិជ្ជមានអ្នកឆ្លងកូវីដ-១៩ថ្មី និងមានអ្នកជាសះស្បើយចំនួន ០៤នាក់ ដោយឡែកសម្រាប់ការធ្វើតេស្ដអ្នកពាក់ព័ន្ធ អ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វត្ថុសំណាកនៅសល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១៤៩សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន៣៤៩០សំណាក សរុបចំនួន ៣៦៣៩សំណាក ដែលនៅក្នុងនោះចំនួន ២៩៦០សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែកមាននៅសល់វត្ថុសំណាក ចំនួន៥៣០សំណាកទៀត ដែលត្រូវធ្វើការវិភាគបន្តថ្ងៃទី១៩ ខែធ្នូនេះ។ សរុបអ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្ត្រី១៩នាក់ និងប្រុស ២២នាក់) ដែលក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៣០នាក់ (ស្ត្រី១២នាក់ និងប្រុស១៨នាក់)។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥នាក់ និង១៧នាក់កំពុងសម្រាបព្យាបាលនៅមន្ទីរពេទ្យ៕