តាកែវ៖ សមត្ថកិច្ចនគរបាលស្រុកគិរីវង់ កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានចុះបង្រ្កាប និងកាប់ដុតបំផ្លាញចោលនូវដំណាំកញ្ឆាខុសច្បាប់ នៅជួរភ្នំបាយ៉ង់កោ ។
បើយោងតាមការបង្ហោះ នៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៨ ខែធ្នូបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ក្រុមជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាឃុំព្រៃអំពក-ឃុំកំពែង-ឃុំតាអូរ-ឃុំរាមអណ្តើក-គោកព្រេច-អង្គប្រាសាទ និងប៉ុស្តិនគរបាលរដ្ឋបាលព្រៈបាទជាន់ជុំ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៤ទីតាំង អាងស្តុកទឹកចំនួន០៣ នៅចំនុចដុបកំសត់ នឹងដុបបែកថ្លាង ស្ថិតក្នុង ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៩២ម៉ែត្រការ៉េ។
បច្ចុប្បន្នកំម្លាំងជំនាញ កំពង់បន្តស្រាវជ្រាវ និងស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕