ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយរំលឹ​ក​ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីការតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC)។
ក្នុងសេចក្ដីជូនដំណឹងនេះ បានសរសេរថា អនុលោមតាមមាត្រា៦ នៃច្បាប់ស្ដីពីទូរគមនាគមន៍ គ្រប់ប្រតិបត្តិករ​ទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ត្រូវផ្ដល់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា​មកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា ប្រតិបត្តិករភាគច្រើនបានធ្វើការតភ្ជាប់​ជាមួយ​មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) ខណៈដែលប្រតិបត្តិករមួយចំនួនទៀត នៅមិនទាន់បានតភ្ជាប់ ទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើ​កក៏​ដោយ។

សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា «ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលពីវិស័យទូ​រ​គមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រប់​ទិន្ន​ន័យ សេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ជាកំហិត»។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនេះថា «ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និង/ឬលុបអាជ្ញាធរ ព្រមទាំងវិធានការផ្សេង​ទៀតស្រ​ប​តាម​ច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕