តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១០ និងមន្រ្តីពាក់ព័ន្ធអោយបន្តតាមដានស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ វិច្ឆិកា បន្តទៅទៀតដើម្បីធ្វើយ៉ាងណាចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រឆាំងកូវីដ១៩ របស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ខេត្តតាកែវបានយកសំណាកមនុស្សដែលពាក់ព័ន្ធទៅពិនឹត្យរកជំងឺកូវីដ១៩ ក៍ប៉ុន្តែលទ្ធផលអវិជ្ជមានទាំងអស់ ក៍ប៉ុន្តែបើទោះជាលទ្ធផលល្អប្រសើរយ៉ាងណាក៍ដោយ ក៍អភិបាលក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវ ត្រូវសហការជាមួយមន្ទីរសុខាភិបាល ត្រូវធ្វើការតាមដានអ្នកដែលបានទៅកន្លែងមួយចំនួនដែលមានអ្នកឆ្លងជំងឺកូវីដ១៩បានទៅ នៅក្រោយព្រិត្តការណ៍ថ្ងៃទី២៨ វិឆ្ឆិការ ដោយយកសំណាកពួកគេទៅពិនិត្យនិងត្រូវណែនាំអោយពួកគេធ្វើចត្តាឡីសក្តិនៅផ្ទះអោយបានត្រឹមត្រូវ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធមូលដ្ឋានិងមន្រ្តីពាក់ព័ន្ធក៍ត្រូវតែធ្វើសកម្មភាពឲ្យបានក្លាំងក្លាក្នុងការចុះទៅផ្សព្វផ្សាយអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍ និងត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យផ្អាកការជួបជុំឬរៀបចំបុណ្យទានឬពិធីមង្គលការជាបណ្ដោះអាសន្នទំរាំសភាពការណ៍វិលមកភាពប្រក្រតីវិញ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានឲ្យមន្ទីរសុខាភិបាលសហការជាមួយអាជ្ញាធមូលដ្ឋានចុះធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅតាមទីសាធារណៈមួយចំនួនដូចជាសាលារៀន សួនច្បារនិងតាមផ្សារជាដើម ដែលសកម្មភាពនេះក៍អាចនិងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទៅក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋបានដែរ៕






