ភ្នំពេញ៖ ចក្រភពអង់គ្លេស បានសម្រេចមិនបន្តអនុវត្តការព្យួរផ្នែកណាមួយ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជានោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់ព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
សេចក្ដីប្រកាសបានបន្តថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេស បានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធមកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃសង្គមកម្ពុជា ដែលក្នុងនោះរួមមាន ទាំងកម្មកររោងចក្រផងដែរ៕