តាកែវ៖ ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងអ្នកវិនយោគបរទេសឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវកាន់តែច្រើនឡើង នៅរសៀលថ្ងៃ ច័ន្ទ ទី ៩ ខែ វិឆ្ឆិកា ឆ្នាំ ២០២០នេះ សភាពាណិជ្ជកម្មខេត្តតាកែវសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានចាប់ផ្ដើមបោះផ្សាយសៀវភៅមគ្គុទេសវិនិយោគក៍ដូចជាបង្កើតគេហទំព័រនិងផេកហ្វេសប៊ុក ដោយបង្ហាញពីសក្ដានុពលជាច្រើនរបស់ខេត្តតាកែវសម្រាប់ចែកចាយដល់អ្នកវិនិយោគពិនឹត្យមើលនិងធ្វើការពិចារណាចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តតាកែវ។
លោក ជីប ភក្ដីភាព ប្រធានសភាពាណិជ្ជកម្មខេត្តតាកែវបានថ្លែងឲ្យដឹងថា គោលដៅចម្បងនៃការរៀបរៀងនិងបោះផ្សាយសៀវភៅនេះឡើងគឺដើម្បីទុកជាឯកសារគោលសម្រាប់វិនិយោគិននិងធុរជនទាំងក្នុងនិងក្រៅប្រទេសដែលមានបំណងប្រកបអាជីវកម្មនៅក្នុងខេត្តតាកែវអាចសិក្សាស្រាវជ្រាវពីវិស័យសក្ដានុពលនានាក៏ដូចជាស្វែងរកដៃគូវិនិយោគផងដែរ។ លោកប្រធានសភាពាណិជ្ជកម្មខេត្តតាកែវបានមានប្រសាសន៍បន្តថា វិស័យសក្ដានុពលរបស់ខេត្តតាកែវរួមមានកសិឧស្សាហកម្មទេសចរណ៍ឧស្សាហកម្មធុនស្រាលកាត់ដេរសំលៀកបំពាក់ជលផលនិងវិស័យកសិកម្មជាដើមខេត្តតាកែវមានកត្តាភូមិសាស្ត្រអំណោយផលដីសម្បូរជាតិសម្រាប់ដំណាំកសិកម្មព្រមជាពិសេសខេត្តតាកែវមានភាពល្បាញល្បី បង្កងធម្មជាតិនិងពងទាកូន រួមផ្សំទាំងមានប្រពន្ធធារាសាស្រ្តគ្រប់គ្រាន់និងការអភិវឌ្ឍផ្លូវថ្នល់ហេដ្ឋារចនាសម្ព័ន្ធនិងសម្បូរដោយកម្លាំងពលកម្មបានធ្វើឲ្យខេត្តតាកែវក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគទុនជាតិនិងអន្តរជាតិជាក់ជាពុំខាន។
ថ្លែងនៅក្នុងពិធីនោះ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា គិតមកដល់បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាមានដៃគូសហការអន្តរជាតិនៅគ្រប់ប្រទេសក្នុងតំបន់អាស៊ាន នឹងបណ្ដាលប្រទេសធំដូចជាសហរដ្ឋអាមេរិក ជប៉ុន ចិន រុស្សី និងប្រទេសនានាក្នុងតំបន់អឺរ៉ុប។ ក្នុងករណីដែលសមាជិកសភាពាណិជ្ជកម្មកម្ពុជារាជនីខេត្តមានបំណង ស្វែងរកដៃគូរវិនិយោគសភាពាណិជ្ជកម្មកម្ពុជា អាចជួយសម្របសម្រួលកិច្ចការនេះបានដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនិងជួយគាំទ្ររាល់តម្រូវការចាំបាច់នានាដល់សភាពាណិជ្ជកម្មខេត្ត។
លោកឧកញ៉ាបានមានប្រសាសន៍បន្តថា កន្លងមកពេលជួបពិភាក្សាការងារជាមួយអ្នកវិនិយោគិនបរទេស យើងតែងតែមានផលលំបាកក្នុងការបង្ហាញអំពីសក្ដានុពលខេត្តនានា ព្រោះមិនទាន់មានឯកសារស្រាវជ្រាវជាក់លាក់ណាមួយនៅឡើយទេ ដូច្នេះបន្ទាប់ពីការបោះពុម្ពសៀវភៅនេះឡើងយើងមានទិន្នន័យពេញលេញនៅក្នុងដៃងាយស្រួលដៅអោយចំគោលដៅសម្រាប់ធុរជននិងអ្នកវិនិយោគទុនបរទេសដែលចង់មកធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ។ ការចូលមកវិនិយោគនៅក្នុងខេត្តតាកែវក្រៅពីផ្ដល់ឱកាសការងារនិងបង្កើនចំណូលដល់បងប្អូនប្រជាពលរដ្ឋ វាក៍នឹងនាំមកនូវសេដ្ឋកិច្ចដ៍ល្អប្រសើរចំពោះខេត្តតាកែវផងដែរ៕




