នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្ដីពីប្រតិបត្តិការអាជីវកម្មទេសរណ៍ ក្នុងដំណាក់កាលកូវីដ-១៩ ” វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” ក្នុងគោលបំណងផ្សព្វផ្សាយពី ការអនុវត្តសុវត្ថិភាពទេសចរណ៍ វិធានការលើកទឹកចិត្ត និងការគាំពារដល់អាជីវកម្មទេសចរណ៍បន្ត សម្រាប់ឆ្នាំ២០២១ខាងមុខ។
ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៃក្រសួងទេសចរណ៍ លើកឡើងថា សម្រាប់ឆ្នាំ២០២០ ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ ទេសចរណ៍អន្តរជាតិនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងប៉ះពាល់ក្នុងរង្វង់ ៨០% រីឯ ទេសចរណ៍ផ្ទៃក្នុង នឹងប៉ះពាល់៥០% ដែលចំនួននេះ នឹងធ្វើឲ្យបាត់បង់ចំណូលជាតិប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនោះ អាជីវកម្មទេសចរណ៍សរុបជិត ៣ពាន់កន្លែងចុះបញ្ជីស្របច្បាប់ ស្មើនឹងជិត៣០% នៃអាជីវកម្មសរុប ត្រូវបានបិទ ឬព្យួរសកម្មភាពរបស់ខ្លួន។
ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ដើម្បីជួយដល់អាជីវកម្មទេសចរណ៍ក្នុងប្រទេស អំឡុងវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន០៦ជុំ ជាបន្តបន្ទាប់ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃ នៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅទូទាំងប្រទេស សម្រាប់ឆ្នាំ២០២១។ លើសពីនេះ ក្រសួងទេសចរណ៍ ក៏ដាក់ឆ្លង រាជរដ្ឋាភិបាល នូវទម្រង់នៃការធ្វើដំណើរកម្សាន្តហៅថា Travel Bubble ឬម្យ៉ាងទៀត One Way Closed-Loop Charter Planes សម្រាប់ឆ្នាំ២០២១ ព្រមទាំងឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនទៀត រួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ២០២០-២០២៥ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ២០២០ -២០៣៥ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ២០២០ -២០៣៥ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២០-២០៣៥ និងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០៣០។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បង្ហាញថា បច្ចុប្បន្នអាជីវកម្មទេសចរណ៍ កំពុងដំណើរការក្នុងខេត្ត មានចំនួនសរុប ១២១កន្លែង ស្មើនឹងជាង៧១%។ ដើម្បីជំរុញចលនាទេសចរណ៍ ឲ្យកាន់តែមានភាពសកម្ម និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល រដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាល ជនបង្គោលសុវត្ថិភាពទេសចរណ៍ ជូនដល់បុគ្គលិកបម្រើការ វិស័យទេសចរណ៍ក្នុងខេត្ត បានចំនួន ១វគ្គ និងមានសិក្ខាកាមចូលរួមចំនួន ១២០នាក់ផងដែរ៕




