នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាផ្លូវការ ពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ដោយបញ្ជាក់ពីលទ្ធផលអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន១១៤០នាក់ «អវិជ្ជមានកូវីដ១៩» ខណៈរកឃើញភាពវិជ្ជមានតែ៣នាក់លើតំណាងរាស្ត្រ និងមន្ត្រី។
អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១១៤៣នាក់៖
* អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១១៤០នាក់។
* នៅសល់វត្ថុសំណាក់ចំនួន២៣នាក់ ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
ក្រសួងបន្តថា គិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន៤នាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់ភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់ជាទីបំផុត ហើយកុំដើរចេញទៅក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលសហគមន៍។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០០នាក់ (ស្ត្រី៦០នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១២នាក់៕


