នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ផែង វណ្ណៈ បានសរសេរបង្ហោះនៅបណ្ដាញសង្គម ដោយបានដាក់ចំណងជើងថា៖ ជូនម្ចាស់លេខ​ទូរស័ព្ទ​ ០៧៨​ ៤០៤០២៤​ តំណាង​ម្ចាស់​រថយន្ត​ លេខ​ 2BJ-2235 មេត្តា​ជ្រាប​ ៖​ ថ្ងៃ​នេះ​ខ្ញុំ​បាន​ទទួល​ ព័ត៌មាន​ពី​ ជនរងគ្រោះ​មកថា​ មានលេខ​ទូរស័ព្ទ​ ០៧៨​ ៤០​ ៤០​ ២៤​ បាន​ទូរស័ព្ទ​មកគាត់ដោយអះអាងថា​ ខ្លួន​ជាតំណាង​ម្ចាស់​រថយន្ត​ Ford Pick Up ស្លាក​លេខ​ 2BJ-2235 ភ្នំពេញ​ ដោយបានប្រាប់​គ្រួសារ​ជនរងគ្រោះ​ថា​ រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ មិនបាច់​ទៅដោះស្រាយដល់​ស្រុកទេ​ ដោះស្រាយត្រឹមឃុំបានហើយ​ យកស្លាកលេខ​ឡានមកអោយ​គេ​ គេបង់លុយ​ ១លានរៀល​ អោយទៅ​មើល​ជំងឺ​ ដើម្បី​ បញ្ចប់​រឿង​ ។ ម្ចាស់​ទូរស័ព្ទ​នោះ​បាន​ព្រមាន​គ្រួសារ​ជនរងគ្រោះ​ថា​ បើមិនយកលុយ​ ១លាន​ ដើម្បី​បញ្ចប់​រឿង​ទេ​ គេសុខចិត្ត​យកលុយទៅ​តំកល់​នៅ​ តុលាការ​ចោល​ ហើយ​មិនសងទេ​ ចង់ប្ដឹងយ៉ាងម៉េចក៏ប្ដឹងទៅ​ ។

ខ្ញុំគ្រាន់​តែ​លឺ​គ្រួសារ​ជនរងគ្រោះ​ ផ្ដល់​ព័ត៌មាន​បែប​នេះ​មក​ក្ដៅឆេវតែម្ដង​ ។ ខ្ញុំ​សូម​ប្រាប់​ទៅ​ ម្ចាស់​លេខទូរស័ព្ទ​ ដែល​ជាតំណាង​ ម្ចាស់​រថយន្ត​ថា​ ខ្ញុំ​សុំបុក​ម៉ែលោកឯង​ និង​ ប្រពន្ធ​លោកឯងកំពុង​ពោះធំ​ជិត​គ្រប់​ខែ​ ហើយ​ខ្ញុំសង​ ១០​ លានរៀល​ លោកឯងយកអត់​ ? ម៉េច​ លោកឯងអាងមានលុយ​ចង់​មើលងាយអ្នកក្រឬ​ ? ខ្ញុំសូមផ្ដាំលោកថា​ លោក​មិនអាច​គេចផុតពី​សំណាញ់​ច្បាប់​ទេ​ សូម​កុំ​ព្រហើន​ ។ បើ​លោក​មិនដោះស្រាយ​សំណងសងដល់​ជនរងគ្រោះ​បានសមរម្យទេ​ ខ្ញុំ​នឹងស្នេីសុំ​នគរបាល​ ដកហូត​យករថយន្ត​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ ដើម្បី​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការ​ ។ ខ្ញុំមិនអោយ​លោកឯងមេីល​ងាយ​ប្រជាពលរដ្ឋ​ក្រីក្រ​បាជាដាច់ខាត​ ។

ទៅដល់ណាក៏ខ្ញុំទៅដល់ដែរ​ ខ្ញុំ​នឹងតាមដាន​ករណី​នេះ​រហូត​ដល់​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​ ។