តាកែវ៖ ក្រុមមន្រ្តីជំនាញ ក.ប.ប ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យមុខទំនិញដែលកំពុងដាក់លក់នៅផ្សារធំតាកែវ ដោយក្នុងនោះមន្រ្តីជំនាញបានរកឃើញពពុះសណ្ដែកជាង ២០គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់ គឺបណ្ដាលឲ្យប៉ះពាល់សុខភាពរបស់អ្នកទទួលទានយ៉ាងធ្ងន់ធ្ងរ ។

បើតាម លោក ប៉ោ លាងគង់ ប្រធាន ក.ប.ប ខេត្ត បានអោយដឹងថា ការចុះពិនិត្យរបស់មន្ត្រីជំនាញ ក.ប.ប ក្នុងថ្ងៃ នេះ គឺយើងបានធ្វើតេសបឋមជាច្រើនមុខទៅលើប្រភេទចំណីអាហារនឹងពិនិត្យរកឃើញពីទំនិញដែលខូចគុណភាពផងដែរ ក្នុងនោះមន្រ្តីជំនាញបានរកឃើញ សារធាតុគីមីប៉ូរ៉ាក់ លើពពុះសណ្តែក ដែលប្អូនអាជីករក្នុងផ្សារធំតាកែវ បានដាក់លក់នៅក្នុងរដូវកាល កាន់បិណ្ឌិនឹង ភ្ជុំបិណ្ឌ ហើយពពុះសណ្តែកនេះដែរ ភាគច្រើនគឺបងប្អូប្រជាពលរដ្ឋ ទម្លាប់ទិញយកទៅធ្វើម្ហូបច្រើន ជាហេតុដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់ ពិសេសអាចប៉ះពាល់សុខភាពទៅដល់ព្រះសង្ឃ ។
លោកប្រធានសាខាកបបខេត្ត បន្តថា ក្រៅពីការចុះចុះពិនិត្យប្រភេទទំនិញប្រភេទជាគ្រឿង កំប៉ុង និងចំណីអាហារ ក្នុងនោះយើងក៏បានចុះត្រួតពិនិត្យគ្រឿងសាដកសម្រាប់ប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌផងដែរ និងពិនិត្យរកទឹកដោះគោប្រភេទម្សៅដែលមានឈ្មោះNutrilatt ដែលក្រសួងពាណិជ្ជកម្ម បាន ហាមមិនអោយលក់ ផងដែរ ប៉ុន្តែរកពុំឃើញមានវត្តមានម្សៅទឹកដោះគោប្រភេទនេះឡើយ ពិសេសគឺគ្រឿងសាដកក៏ពុំមានទំនិញខូចគុណភាពឬហួសកាលបរិច្ឆេទផងដែរ។
ក្នុងឪកាសនោះដែរលោក ប៉ោ លាងគង់ ក៏បានធ្វើការសំណូមពរដល់បងប្អូនអាជីវករ ទាំងអស់ ត្រូវលក់ទំនិញណាដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ ជូនបងប្អូនយើង ដែលជាអ្នកប្រើប្រាស់ ដើម្បីកុំមានការប៉ះពាល់ដល់សុខភាព និងចូលរួមស្កាត់អោយបានទាំងអស់គ្នានូវទំនិញដែលគ្មានគុណភាព នឹងគ្មានអនាម័យ ៕