ភ្នំពេញ៖ នៅព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីបុរសអណិកជនខ្មែរម្នាក់ អាយុ ៣០ឆ្នាំ សញ្ជាតិបារាំង ម្នាក់ រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានផ្ទុកមេរោគ កូវីដ១៩ បន្ទាប់ពីបានធ្វើដំណើរតាមជើងហោះហើរពី សាធារណៈរដ្ឋកូរ៉េមកដល់កម្ពុជា ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ដែលត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ ទៅវិភាគឡើងវិញនៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាក្នុងកំឡុងថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ដែលទទួល បានលទ្ធផលវិជ្ជមានវីរុស កូវីដ១៩នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ ។
សូមបញ្ជាក់ថា សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕