តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទ ក្រហមកម្ពុជាខេត្តតាកែវ បន្ទាប់ពីទទួលបានព័ត៌មានចុះផ្សាយករណីកុមារី ស៊ាន ស្រីនិច្ច មានជំងឺជើង ធំម្ខាង រស់នៅភូមិក្រាំងឈើនាង ស្រុកទ្រាំង ដែលទទួលការវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យកុមារជាតិ នៅ ព្រឹកថ្ងៃច័ន្ទ ១០ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងែទី១៥ ខែ មិថុនា ឆ្នាំ២០២០ បាន ចាត់តាំង លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា និងសហការី បាននាំយក អំណោយរបស់ កាកបាទ ក្រហមកម្ពុជា ដែលមានសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារ កុមារី ឈ្មោះ ស៊ាន ស្រីនិច្ច អាយុ ១៣ឆ្នាំ មានឪពុកឈ្មោះ សុខ ធូ ម្ដាយ ឈ្មោះ គន្ធ សារាយ រស់នៅ ភូមិក្រាំង ឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កុមារជាតិ ភ្នំពេញ ត្រូវវះកាត់ជើងម្ខាង។

ឆ្លៀតក្នុងឱកាសនោះដែរ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា បានពាំនាំបណ្ដាំសាកសួរសុខទុក្ខ របស់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខ ទុក្ខ ដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វី ឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ និងបាននាំយកសម្ភារ: ដែលបានផ្តល់ជូនរួមមាន អង្ករ ២៥គីឡូក្រាម កន្ទេល ១ មុង១ ភួយ១ សារុង១ ក្រម៉ា១ អាវយឺត ៥ នឹងថវិកា ១,០០០,០០០រៀល ។
សូមជម្រាបថា ស្រីនិច្ចមានជំងឺនេះតាំងពីកំណើត ដែលធ្វើឲ្យជើងម្ខាងរបស់នាងធំម្ខាង តូចម្ខាងខុស ប្រក្រតី ហើយអាការៈជំងឺនេះ គឺរាល់ចំណីអាហារដែលស្រីនិច្ច បរិភោគប្រចាំថ្ងៃគឺទៅតែបំប៉នជើងតែម្ខាង នោះទេ ដែលធ្វើឲ្យជើងនោះពីមួយថ្ងៃទៅមួយថ្ងៃធំទៅៗ ពិសេសមានបាញ់ឈាមចេញតាមក្រមរជើងដំរី របស់នាងថែមទៀត នៅពេលដែលនាងងូចទឹក របកក្រមរស្បែកម៉ង។ ទោះជាយ៉ាងនេះក្តី នាងនៅតែ អាចដើរ និងជិះកង់បានជាធម្មតា ប៉ុន្តែ លុះដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្រីនិច្ចបានទូរស័ព្ទរកលោក កូយ សុភា ដែលជាគ្រូរបស់នាង ហើយបានយំរៀបរាប់ថា ជើងរបស់នាងមានអាការៈឈឺចុកចាប់ខ្លាំង និង មានបាញ់ឈាមតាមក្រមរច្រើនខុសពីធម្មតា ទើបលោកសម្រេចនាំស្រីនិច្ច ទៅពិនិត្យនៅមន្ទីពេទ្យ ខេត្តតាកែវ ប៉ុន្តែខាងមន្ទីពេទ្យបានណែនាំឲ្យមកពិនិត្យនៅមន្ទីពេទ្យកុមារជាតិវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កូយ សុភា បានសំណូមពរដល់ បងប្អូនសប្បុរសជនជួយឧបត្ថមជាថវិកា និងជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីជាកម្លាំងចិត្តដល់ប្អូនស្រីផង តាមរយៈលេខទូរស័ព្ទ ០៩៦ ៦៣១ ៣៨៣៨ / ០៩៥ ៣០៥ ៧៥០៕