តាកែវ​៖​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ធំ​តាកែវ ស្ថិតក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​រិះគន់​ម្ចាស់​ទទួល​ដេញ​ភាស៊ី​ផ្សារ​តាកែវ​ថា មិន​គិតគូរ​ដល់​ការបាត់​ចំណូល​របស់​ពួកគាត់​នោះទេ ខណៈដែល​ភ្លើងអគ្គិសនី​នៅក្នុង​ផ្សារ​ត្រូវបាន​ដាច់​ចរន្ត រយៈពេល​៣​ថ្ងៃ​មកហើយ​។​
ភ្លើងអគ្គិសនី​នៅក្នុង​ផ្សារ​ត្រូវបាន​ដាច់​ចរន្ត ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​មួយចំនួន នាំគ្នា​បិទតូប​លក់ដូរ ត្រឡប់​ទៅ​ដេក​នៅផ្ទះ​វិញ ដោយសារតែ​ពិបាក​ក្នុងការ​លក់ដូរ​ក្នុង​ផ្សារ​មាន​សភាព​ហប់​ក្តៅ និង​ងងឹត និង​កន្លែង​ខ្លះ​មានការ​ចាំបាច់​ណាស់​ត្រូវ​តែមាន​ភ្លើងអគ្គិសនី ទើប​អាច​ប្រកប​របរ​រកស៊ី​បាន ។​
​អាជីវក​ខាងលើ​បាន​និយាយទៀតថា បើ​នៅតែ​បន្ត​ដាច់​ភ្លើង ហើយ​អ្នក​ទារ​ភាស៊ី​នៅតែ​បន្ត​យក គ្មាន​ថ្ងៃ​ចុះ ឬ​គិតគូរ​ពី​ផលប៉ះពាល់​នេះ គឺ​ចប់​ហើយ​អាជីវករ​ក្នុង​ផ្សារ​អាច​នឹង​ដាច់បាយ​ហើយ ដូច្នេះ​មានតែ​អាជ្ញាធរ​ទេ​ទើប​អាចជួយ​ដល់​ពួកគាត់​បាន ៕