តាកែវ៖ ក្នុងឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៤ ព្រះវស្សា យាងចូល ៨៥ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ដែលនិងឈានមកនាពេលខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី ១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា នៅក្នុងបរិវេណវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវបានមានប្រសាសន៍លើកឡើងពីសកម្មភាពជាច្រើនរបស់សម្ដេចព្រះមហាក្សត្រីយ៍ព្រះវិរៈរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានឧបត្ថមព្រះរាជទ្រព្យនិងប្រោសប្រទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តជា កូនចៅ ចៅទូតនៅក្នុងព្រះរាជណាចក្រកម្ពុជាជាពិសេសព្រះអង្គជួយគាំទ្រយ៉ាងពេញទំហឹងចំពោះកាកបាទក្រហមកម្ពុជាជាពិសេសព្រះរាជគម្រូមនុស្សធម៌ ដែលក្លាយជាត្រីវិស័យចង្អុលផ្លូវសម្រាប់ការបំពេញភារកិច្ចរបស់មន្រ្តីកាកបាទក្រហមនៅទូទាំងប្រទេស។
ឯកឧត្តម អ៊ូច ភា ក៍បានមានប្រសាសន៍ថ្វាយព្រះពរព្រមទាំងបួងសួង ដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជាកិច្ចបញ្ចប់នៅក្នុងពិធីប្រារព្វបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្តតាកែវក៍បានរៀបចំ រាប់បាត្រព្រះសង្ឃចំនួន ១៧អង្គដែលនិមន្តមកពី ១៧ វត្តនៅក្នុងក្រុងដូនកែវខេត្តតាកែវ និង ចែកអំណោយជូនយាយជី តាជីចំនួន ២០នាក់ផងដែរ៕







